សេដ្ឋកិច្ច

ប្រាក់ពិន័យ​ចំពោះ​បទល្មើស​ចរាចរណ៍​ឆ្នាំ​២០២២ មានជាង​៣​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២២​កន្លងទៅនេះ ប្រតិបត្តិការ​ត្រួតពិនិត្យ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ត្រួតពិនិត្យ​យានយន្ដ​សរុប​ចំនួន​១,១២១,​១៣៦​​គ្រឿង ក្នុងនោះ​ម៉ូតូ​៧៤​ភាគរយ ហើយ​បាន​រកឃើញ​យានយន្ដ​ល្មើស និង​ពិន័យ ចំនួន​១៤២,៨១៧​គ្រឿង (១៤៣,០៥១​ករណី​)​។​នេះ​បើ​យោងតាម​របាយការណ៍​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០២២ និង​ទិសដៅ​បន្ដ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣​។​

​ដោយឡែក សម្រាប់​ការពិន័យ​ចំពោះ​បទល្មើស​ចរាចរណ៍​ឆ្នាំ​២០២២ បាន​ទឹកប្រាក់​ចំនួន ១២,៤៥៤,៥១៥,០០០​រៀល (​ដប់​ពីរពាន់​បួន​រយ​ហាសិប​បួន​លាន ប្រាំ​រយ​ដប់​ប្រាំ​ពាន់​រៀល​គត់​) ស្មើ​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​យានយន្ដ​ដែល​ល្មើសច្បាប់ រួមមាន​៖ទោចក្រយានយន្ត ត្រីចក្រយានយន្ត​ល្មើស​ចំនួន​១១៥,៨០១​គ្រឿង (១១៥.៨០១​ករណី​) ស្មើ​៨១% (​មិន​ពាក់មួក​សុវត្ថិភាព​៩៤% ល្មើស​សញ្ញា​ចរាចរណ៍​៤% ទូរស័ព្ទ​១% និង​គ្មាន​ផ្លាកលេខ​សម្គាល់​១%)។ រថយន្ដ​ល្មើស​ចំនួន ២៧,០១៦​គ្រឿង (​ល្មើស​២៧,២៥០​ករណី​) ក្នុងនោះ រថយន្ដ​ធុន​ធំ​៣,៥៩២​គ្រឿង (​ល្មើស​៣,៧០៤​ករណី​) ស្មើ​១៩% ដោយបាន​ល្មើស​ល្បឿន​៤២%, មិន​ពាក់​ខ្សែក្រវាត់ ២៦%, ល្មើស​សញ្ញា​ចរាចរណ៍ ៩%, ប្រើ​ទូរស័ព្ទ ៧%, គ្មាន​បណ្ណ​បើកបរ ៧%, គ្មាន​ផ្លាកលេខ ៤%, ដឹក​លើស​ចំណុះ​២%, គ្មាន​ឆៀក ២%, គ្មាន​អាជីវកម្ម ១% និង​ស្រវឹង​១%​។​

​របាយការណ៍​ដដែល​បាន​បន្ថែមទៀតថាដំណើរការ​សាកល្បង​ធ្វើការ​ពិន័យនិង​ដក​ពិន្ទុ​បណ្ណ​បើកបរដោយ​ឧបករណ៍​បច្ចេកទេសគិត​ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ សរុប​៨,៥១៣​នាក់ (​ស្រី ៤៨៩​នាក់​) ក្នុងនោះ​៖ រថយន្ត​ធុន​ស្រាល​ចំនួន ៧,៤៧៧​គ្រឿង​ល្មើស​៧,៥៧៩​ករណីដក​ពិន្ទុ​១០,១៦២​ពិន្ទុនិង​រថយន្ត​ធុន​ធ្ងន់​ចំនួន​១,០៣៦​គ្រឿងល្មើស​១,១៤៦​ករណីដក​ពិន្ទុ​៦៦៥​ពិន្ទុ​៕​ដោយៈសុភក្ត្រា​​​​