សន្ដិសុខសង្គម

ជីកដំឡូងជ្រូកយកស្ងោរហូបស្ត្រីម្នាក់ពុលស្លាប់ និង៣នាក់កំពុងសង្គ្រោះ

កណ្ដាល៖អ្នកភូមិបានជីកដំឡូងជ្រូកយកស្ងោរហូប ស្រាប់តែមានអាការមិនស្រួល បាននាំទៅមន្ទីរពេទ្យ ស្រ្តីម្នាក់បានស្លាប់ ចំណែក៣នាក់ទៀតមានអាការធ្ងន់ធ្ងរស្ថិតក្នុងការសង្គ្រោះបន្ទាន់។ករណីនេះ បានកើតឡើងនៅភូមិស្រែរាំង​ ឃុំទំនប់ធំ​ ស្រុកពញាឮ​ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៣០ ខែមករា។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ លឹម ផល  អាយុ៣៧ឆ្នាំ។ចំណែក៣នាក់មាន អាការធ្ងន់ធ្ងរនោះឈ្មោះ លឹម ឡាង អាយុ៦១ឆ្នាំ ត្រូវជាម្តាយ, ឈ្មោះ រិន ឡយ ភេទប្រុស​ អាយុ៧ឆ្នាំ ​ជាកូននិងឈ្មោះ រិន ស្រីលីន អាយុ១១ឆ្នាំ ជាកូន ស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។

មុនកើតហេតុ ឈ្មោះ​ លឹម ផល បានទៅជីកដំឡូងជ្រូក​នៅវាលស្រែយកមកស្ងោរហូបក្នុងគ្រួសារ​។ក្រោយពីហូបរួចមានអាការមិនស្រួល ​ក៏នាំគ្នាទៅមន្ទីរពេទ្យក្នុងឃុំភ្នំបាត។តែដោយសារអាការ មិនបានធូរស្បើយ ទើបទៅមន្ទីរពេទ្យភ្នំពេញ​។លុះថ្ងៃទី៣០​ ខែមករា​ ឈ្មោះ​ លឹម​ ផល​ បានស្លាប់ នៅក្នុងមន្ទីរពេទ្យ​ភ្នំពេញ។​ចំណែកម្តាយនិងកូន៣នាក់​កំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕ដោយ៖វិចិត្រ