សេដ្ឋកិច្ច

ក្រុមហ៊ុន​កូរ៉េ​ជាង ២០០ ក្រុមហ៊ុន កំពុង​វិនិយោគ នៅ​កម្ពុជា​

​ភ្នំពេញ​៖ លោក YU Jeoung Yeol ប្រធាន​ទីភ្នាក់ងារ ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ (KOTRA) បាន​ឲ្យ​ដឹងថាៈ បច្ចុប្បន្ន ក្រុមហ៊ុន​កូរ៉េ ជាង ២០០ ក្រុមហ៊ុន កំពុង​វិនិយោគ​នៅ​កម្ពុជា ។ KOTRA​ក៏​កំពុង​កៀរគរ អ្នកវិនិយោគ​បន្ថែមទៀត មក​បណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-​កូរ៉េ (CKFTA) បាន​ចូល​ជា​ធរមាន​។​

​នៅពេល​អនាគត ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ នឹង​កៀរគរ​អ្នក វិនិយោគ​បន្ថែមទៀត​ជាពិសេស​លើ​វិស័យ​បច្ចេកទេស ឌីជីថល និង​កសិកម្ម និង​វិស័យ​គ្រឿងបន្លាស់ យានយន្ត ឬ​រថយន្ត និង​វត្ថុ​ធ្វើ​ពី​ឈើ​។​

​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថាៈ ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ និង​វិស័យ​ឯកជន ពាក់ព័ន្ធ​របស់​កម្ពុជា ចូលរួម​ពិភាក្សា​ការងារ​ជាមួយ លោក YU Jeoung Yeol ប្រធាន​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ និង​សហការី នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាបជូន​ភ្ញៀវ អំពី​ការចូល​ជា​ធរមាន នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​កូរ៉េ (CKFTA) និង​បាន​បញ្ជាក់ថាៈ ពេលវេលា​នេះ ជា​ពេលវេលា​សមស្រប ដើម្បី​ពិភាក្សា លើ​ការជំរុញ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច និង​បង្កើន​ការប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី កម្ពុជា​-​កូរ៉េ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​ភាគី​កូរ៉េ ជួយ​វិនិយោគ​លើ​ការកែច្នៃ និង​វេច​ខ្ជ​ប់​លើ​កសិផល​សំខាន់ៗ​របស់​កម្ពុជា រួមមាន ដំ​ទ្បូ​ង​មី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និង​ផ្លែឈើ​ត្រូពិច​ដទៃទៀត ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​ដ៏​សម្បូរបែប និង​មានគុណ​ភាព​របស់​កម្ពុ​ជា ជូន​ប្រជាជន​កូរ៉េ​៕ដោយៈផាវី​