អន្តរជាតិ

Erdogan ថាតួកគីអាចទទួលយកហ្វាំងឡង់ជាសមាជិកអង្គការណាតូ ប៉ុន្តែមិនទទួលយកស៊ុយអែត

ប្រធានាធិបតីតួកគីលោក Erdoganបាននិយាយថា តួកគីអាចនឹងទទួលយកហ្វាំងឡង់ជាសមាជិក​អង្គការណាតូ ក៏ប៉ុន្តែមិនទទួលយកស៊ុយអែតនោះទេ។

ប្រធានាធិបតីតួកគីរូបនេះ បានផ្តល់សញ្ញាថាទីក្រុងអង់ការ៉ាអាចទទួលយកប្រទេសហ្វាំងឡង់​ចូលទៅក្នុងអង្គការណាតូ មុនពេលផ្តល់នូវសមាជិកភាពដល់ប្រទេសជិតខាងស៊ុយអែត។ Erdogan បាននិយាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងអង់ការ៉ាបានផ្អាកកិច្ចពិភាក្សាស្តីពីការចូលជាសមាជិក​របស់អង្គការណាតូជាមួយប្រទេសទាំងពីរ ដោយសារមានការតវ៉ានៅទីក្រុង Stockholm ដែលក្នុងនោះមានអ្នកនយោបាយស្តាំនិយមម្នាក់បានដុតច្បាប់ចម្លងនៃគម្ពីរគូរ៉ានអ៊ីស្លាម។ សម្រង់សម្ដីលោក Erdogan កាលពីថ្ងៃអាទិត្យ លោកថា “យើងអាចផ្តល់សិទ្ធិដាច់ដោយឡែកសម្រាប់​ហ្វាំងឡង់នៅលើកម្មវិធីអង្គការណាតូរបស់ពួកគេ ហើយស៊ុយអែតនឹងភ្ញាក់ផ្អើលនៅពេលពួកគេ​ឃើញសាររបស់យើង។ ប៉ុន្តែហ្វាំងឡង់មិនគួរមានកំហុសដូចគ្នាដែលស៊ុយអែតបានធ្វើនោះទេ”។

សូមរំឡឹកឡើងវិញថា ប្រទេសស៊ុយអែតនិងហ្វាំងឡង់បានដាក់ពាក្យកាលពីឆ្នាំមុនជាមួយគ្នា​ដើម្បីចូលរួមជាមួយណាតូ ដើម្បីទទួលបានការធានាសុវត្ថិភាពរដ្ឋក្នុងពេលមានការឈ្លានពាន​រុស្ស៊ីលើអ៊ុយក្រែន។ សមាជិកនៃអង្គការណាតូទាំងអស់បានយល់ព្រមលើសំណើសមាជិកភាពនេះ លើកលែងតែតួកគី និងហុងគ្រីប៉ុណ្ណោះ។ ស៊ុយអែតបានបដិសេធសំណើតួកគីសម្រាប់ការធ្វើបត្យាប័ន​បញ្ជូនសមាជិកគណបក្សប្រឆាំង១២០នាក់មកតួកគីវិញ។ តួកគីនិយាយដោយខ្លីថា “បើស៊ុយអែតចង់ចូល​ជាមួយណាតូ ស៊ុយអែតត្រូវតែប្រគល់ភេរវករទាំងនោះមកឲ្យខ្លួនកាត់ទោស”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា