អន្តរជាតិ

ប៉ូឡូញសម្រេចផ្តល់រថក្រោះ​៦០គ្រឿងបន្ថែមទៀតទៅអ៊ុយក្រែនរួមទាំងខ្លារខិន១៤គ្រឿង

ប្រទេសប៉ូឡូញសម្រេចថានឹងចូលរួមផ្តល់រថក្រោះចំនួន៦០គ្រឿងបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ដោយរួមមានទាំងរថក្រោះខ្លារខិនប្រមាណជា១៤គ្រឿងទៀតផង។

លោក Mateusz Morawiecki នាយករដ្ឋមន្រ្តីប៉ូឡូញបានប្រាប់ CTV News កាលពីថ្ងៃសុក្រថា “ប៉ូឡូញបានបញ្ជូនរថក្រោះសរុបចំនួន ២៥០គ្រឿងហើយទាំងចាស់ និងថ្មី ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន”។ “ឥឡូវនេះ យើងត្រៀមបញ្ជូនរថក្រោះទំនើបរបស់យើងចំនួន ៦០ គ្រឿងទៀតដែលក្នុងនោះមាន៣០ គ្រឿងគឺជាប្រភេទ PT-91ផលិតដោយប៉ូឡូញចូលបម្រើការ​ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ហើយកាន់តែពិសេសគឺថាក៏រួមមានរថក្រោះខ្លារខិន Leopard 2 ចំនួន ១៤ គ្រឿងចេញពីក្នុងកម្មសិទ្ធិរបស់យើងផងដែរ”។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងអំណរគុណប៉ូឡូញ​នៅលើបណ្តាញសង្គម Twitter។ គាត់បានសរសេរថា “រួមគ្នា យើងនឹងឈ្នះ!”។

ការសម្រេចចិត្តរបស់ប៉ូឡូញកើតឡើងក្រោយកាណាដាមួយថ្ងៃ បន្ទាប់ពីកាណាដា បានយល់ព្រម​ផ្តល់រថក្រោះខ្លារខិនចំនួន៤គ្រឿងទៅអ៊ុយក្រែន។ យោងតាមលោកឯកអគ្គរដ្ឋទូតអ៊ុយក្រែន​ប្រចាំនៅបារាំង លោក Vadym Omelchenko បាននិយាយនៅក្នុងបទសម្ភាសន៍មួយ​ជាមួយស្ថានីយទូរទស្សន៍ BFM គឺថាអ៊ុយក្រែនបានទទួលរថក្រោះធុនធ្ងន់សរុប៣២១គ្រឿង តាមរយៈសម្ព័ន្ធមិត្តនៅក្នុងកិច្ចព្រមព្រៀងជំនួយចុងក្រោយ ខណៈការដឹកជញ្ជូននឹងត្រូវធ្វើឡើង​តាមលក្ខណៈផ្សេងៗគ្នាឆាប់ៗនេះ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា