ព័ត៌មានជាតិ

ក្លិប​អ្នកកាសែត​កម្ពុជា​នឹង​ពង្រឹង​ក្រមសីលធម៌​និង​ជំនាញ​វិជ្ជាជីវៈ​បន្ថែមទៀត​ដល់​អ្នកសារព័ត៌មាន​

ភ្នំពេញ៖​លោក​ ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ហៅ​កាត់​ថា​(​កអក​) បានបញ្ជាក់​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នា​យក​របស់​ក្លិប​អាណត្តិ​ទី​៧​សម្រាប់​ឆ្នាំ​២០២៣-២០២៦​នៅ​ថ្ងៃទី​២៧ មករា ២០២៣ នៅ​ភោជនីយដ្ឋាន បឹង​មាស​ថា​៖ ខាងមុខនេះ​បញ្ហា​ជា​អាទិភាព​គឺ​យើង​នឹង​ពង្រឹង​ក្រមសីលធម៌​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែមទៀត​ដល់​អ្នកសារព័ត៌មាន​។

លោក​ប្រធាន​ក្លិប​បានធ្វើការ​កត់សម្គាល់ថា​៖ កន្លងមក​ជាពិសេស​ថ្មីៗ​នេះ​«​មាន​ព្រឹត្តិការណ៍​ព័ត៌មាន​មួយចំនួន​បានធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​។ ដូច្នេះ​វា​ចាំបាច់​ទាមទារ​ឲ្យ​មានការ​អប់រំ​និង​បណ្ដុះបណ្ដាល​អំពី​ក្រមសីលធម៌​ក៏ដូចជា​ការបណ្តុះបណ្តាល​បន្ថែម​នូវ​ជំនាញ​វិជ្ជាជីវៈ​ទៅដល់​អ្នកសារព័ត៌មាន​ទាំងអស់​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។

​លោក ពុ​យ គា ក៏បាន​បញ្ជាក់ដែរថា ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​នឹង​ជួយ​លើ​ការបណ្ដុះបណ្ដាល​ខាង​វិស័យ​ឌីជីថល ហើយក៏​នឹងមាន​ការអញ្ជើញ​អ្នកជំនាញ​មក​ចែករំលែក​ទាក់ទង​ទៅនឹង​ផ្នែក Social Media ដូចជា tik tok ឬក៏ facebook ជាដើម​។ ក្រៅពីនេះ នឹងមាន​ការបណ្តុះបណ្តាល​ជាច្រើន​ទៀត​។​

​លោក​ប្រធាន​(​កអក​)​ក៏បាន​រម្លឹក​និង​ថ្លែងអំណរគុណ​ទៅដល់​អតីត​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​លោក ប៉ែន សមិទ្ធិ ដែលជា​ស្ថាបនិក​ដំបូង​គេ​ហើយ​បន្ត​មកទៀត​គឺ​លោក ប៉ែន បូ​ណា បានរួម​ចំណែក​យ៉ាងច្រើន​ជួយ​ដឹកនាំ​ក្លិប​និង​ជួយ​ទៅដល់​អ្នកសារព័ត៌មាន​។​

​ក្នុងនាម​ជា​ប្រធាន​ក្លិប​ថ្មី លោក​ពុ​យ គា បាន​សន្យាថា នឹង​បន្តធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែលជា​ប្រយោជន៍​ដល់​អ្នកសារព័ត៌មាន​និង​ព្យាយាម​ចែករំលែក​នូវ​ចំណេះដឹង បទពិសោធ តាម​ដែល​អាចធ្វើ​ទៅបាន​។​

ឯកឧត្តម ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន បាន​ថ្លែង​ក្នុង​ពិធី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នា​យក​អាណត្តិ​ទី​៧ របស់​ក្លិប​អ្នក​កាសែត​ថា​៖​រយៈពេល​៣០​ឆ្នាំ​មកហើយ​(​កអក​) គឺជា​អង្គការ​មួយ​ជា​ដៃគូ​ដ៏​ល្អ​បំផុត​របស់​ក្រសួង​ព័ត៌មាន​។​ក្រសួង​ព័ត៌មាន​ជានិច្ចកាល​តែងតែ​រើសយក​(​កអក​)​ជា​តំណាង​សារព័ត៌មាន​កម្ពុជា​ទាំងមូល​។​(​កអក​)​សម្បូរ​ទៅដោយ​ធនធានមនុស្ស​មាន​វិន័យ មានការ​អប់រំ​និង​ការបណ្ដុះបណ្ដាល​ល្អ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា​៖ លោក ពុ​យ គា ដែល​បាន​ត្រូវ​ជ្រើសរើស​ជា​ប្រធាន​(​កអក​) ជំនួស លោក ប៉ែន បូ​ណា ដែល​ទៅកាន់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងពត៌មាន​នោះ​ជា​អ្នកកាសែត​ជើងចាស់​មាន​បទពិសោធ​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​។​

​ឯកឧត្តម​បានលើកឡើង​ថា​៖ នៅពេល​ខាងមុខ​គឺ​នឹងមាន​ការបើក​វគ្គ​បង្រៀន​បណ្ដុះបណ្ដាល​អ្នកកាសែត​អន​ឡាញ​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​ពី​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​សារពត៌មាន​ហើយនឹង​អញ្ជើញ​ខាង​នគរបាល​និង​ខាង​ក្រសួងយុត្តិធម៌​មក​និយាយ​អំពី​ច្បាប់​មួយចំនួន​ដើម្បី​ឲ្យ​អ្នកកាសែត​សួរដេញដោល​។​

​គួរ​បញ្ជាក់ដែរថា​៖ សរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ដែលមាន​សមាជិក​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​នានា​បាន​ចូលរួម​បោះឆ្នោត​សរុប​ចំនួន ២៨១ នាក់​។ ក្នុង​នោះបាន​បោះឆ្នោត​យល់ព្រម​ជ្រើសរើស​គណៈកម្មាធិការ​នា​យក​សម្រាប់​អ​ណ្ដិ​តទី​៧ ចំនួន​ជិត ២៧៧ នាក់ និង​សន្លឹកឆ្នោត​មិនបានការ​២ សន្លឹក និង​អនុប្បវាទ​ចំនួន ២ សន្លឹក​។​

សមាជិក​គណៈកម្មាធិកា​រ​នាក​យក​ក្លិប​អ្នកកាសែត​កម្ពុជា​ដែល​ជាប់ឆ្នោត សម្រាប់​អណ​ត្តិ​ទី​៧ មាន​ចំនួន ៩​រូប​។ ក្នុងនោះ​រួមមាន ១. លោក ខៀវ កូ​ឡា ស្ថាបនិក​ក្លិប​អ្នកកាសែត​កម្ពុជា ២. លោក ជេ​ត សន ស្ថាបនិក​ក្លិប​អ្នកកាសែត​កម្ពុជា ៣. លោកស្រី ថុង សុវណ្ណ​រង្សី អគ្គនាយិកា​សារព័ត៌មាន​កោះសន្តិភាព ៤. លោក ទាវ សារៈ​មុនី និពន្ធ​នាយក​សារព័ត៌មាន​រស្មី​កម្ពុជា ៥. លោក នៅ សុ​ភ័ស្ស នាយក​សារព័ត៌មាន CLICK NEWS នៃ​CBS ៦. លោក ពុ​យ គា ប្រធាន​អ្នកឆ្លើយឆ្លង​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ ៧. កញ្ញា យ៉ាន់ លី​ណា នាយិកា​វិទ្យុ​វាយោ FM ៨.​លោក លាង ដឺ​លុច សហ​ស្ថាបនិក​សារព័ត៌មាន​ថ្មីៗ និង​៩. លោក សៅ ភិ​រុណ អគ្គនាយករង ស្ថានីយ​វិទ្យុ និង​ទូរ​ទ្សន៍ BTV៕​ដោយៈសិរីមតី