អន្តរជាតិ

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលចុងក្រោយ សម្លាប់មនុស្ស១១នាក់ របួសច្រើននាក់នៅអ៊ុយក្រែន

អ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីផ្ទុះកំហឹងខ្លាំង និងបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសម្លាប់មនុស្ស១១នាក់ និងច្រើននាក់រងរបួសនៅសប្តាហ៍នេះ។

បើតាមអ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន មនុស្ស ១១ នាក់បានស្លាប់ និង ១១ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ និងកាំជ្រួចរាប់សិបគ្រាប់បាញ់ស្រោចមកលើទូទាំងតំបន់ចំនួនជាង១០ និងបានបំផ្លាញអគារចំនួន ៣៥ខ្នង។ ការវាយប្រហារចុងក្រោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ម៉ោងក្នុងទីក្រុងគៀវ ខណៈមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសត្រូវបានបន្លឺឡើងក្នុងពេល​មនុស្សម្នាកំពុងធ្វើដំណើរទៅធ្វើការ។ នៅ​ក្នុង​រដ្ឋធានី ហ្វូង​មនុស្សបាននាំគ្នាទៅពួននៅក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដើម្បីការពារខ្លួនពីគ្រាប់។

ជាការទប់ទល់ អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំងនោះបានទាំងអស់ ២៤ គ្រឿង រួមទាំង ១៥គ្រឿងនៅជុំវិញរដ្ឋធានី។ ហើយក៏បានស្ទាក់ចាប់មីស៊ីលបាន៤៧ គ្រាប់ក្នុងចំណោមមីស៊ីល​រុស្ស៊ី ៥៥គ្រាប់ ដែលខ្លះបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 នៅតំបន់អាក់ទិករុស្ស៊ី។ គួរសង្កេតថា ការវាយប្រហារបានកើតឡើងក្រោយគ្នាមួយថ្ងៃបន្ទាប់ពី​អាម៉េរិកនិងអាល្លឺម៉ង់បានប្រកាសផ្តល់ជូននូវរថក្រោះធុនធ្ងន់៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា