សន្ដិសុខសង្គម

រថយន្តបុកបង្កាន់ដៃស្ពានឆេះសន្ធោសន្ធៅ បណ្តាលឱ្យ២នាក់រងរបួស

កំពត៖គ្រោះថ្នាក់ចរាចរដោយមានរថយន្តបើកក្នុងល្បឿនលឿនជ្រុលបុកបង្កាន់ដៃស្ពានហើយបានឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមនុស្ស២នាក់រងរបួស។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិ​លេខ៣៣ ក្នុងភូមិជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីយប់ថ្ងៃទី២៦ ខែមករា។

មន្ត្រីនគរបាលស្រុកទឹកឈូបានឱ្យដឹងថា បុរសរងគ្រោះជាអ្នកបើកបរឈ្មោះវណ្ណា លីនសេដ្ឋនា អាយុ ៣៣ឆ្នាំ រងរបួសធ្ងន់។ចំណែកអ្នករួមដំណើរឈ្មោះ ស្រ៊ី សុឃាន អាយុ ៣៤ឆ្នាំ រងរបួសស្រាល។ទាំង២នាក់រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបន្តថា មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយរថយន្តម៉ាកឡង់រ៉ឺវែរបើកពីកើត​ទៅលិច​ក្នុងល្បឿនលឿនជ្រុលបុកបង្កាន់ដៃស្ពានក្បាលរមាសបណ្តាលឱ្យបែកផ្កាភ្លើងឆាបឆេះយ៉ាង​សន្ធោសន្ធៅតែម្តង។ភ្លាមៗអ្នករស់នៅក្បែរកន្លែងកើតហេតុបានចូលទៅលើកយកជនរងគ្រោះចេញ​និងហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តកំពតបានមកអន្តរាគមន៍បាញ់ទឹក​អស់ទឹក៣ស៊ីទែនទើបរលត់ទៅវិញ។ចំណែករថយន្តឡង់រ៉ឺវែរនោះបានខូចខាតស្ទើរទាំងស្រុង៕ដោយ៖កំចាយ