សន្ដិសុខសង្គម

បញ្ជូនអន្ទិតអតីតព្រះសង្ឃបង្ករបួសស្នាមលើសាមណេរទៅតុលាការ

តាកែវ៖អន្ទិតមួយរូបអតីតព្រះសង្ឃដែលបានប្រើហិង្សាដោយចេតនាបង្កឱ្យមានរបួសស្នាមលើសាមណេរមួយអង្គនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

លោកជួង វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ បានឱ្យសារព័ត៌មានដឹងថ្ងៃទី២៦ ខែមករាថា បន្ទាប់ពីផ្ទុះហិង្សារវាងព្រះសង្ឃនិងព្រះសង្ឃដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា នៅវត្តទ្រព្យគរ ក្នុងភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវមកនោះ ជនបង្កត្រូវសមត្ថកិច្ចអនុវត្តតាមច្បាប់។

លោកប្រធានមន្ទីរធម្មការបានបន្តថា ក្រោយកើតហេតុភ្លាម មន្រ្តីសង្ឃសហការជាមួយអាជ្ញាធរ​មូលដ្ឋានបានចាប់តេជគុណផ្សឹករួចរាល់ហើយ។ប៉ុន្តែសំណុំរឿងមិនទាន់បញ្ចប់ទេ ដោយខាងសមត្ថកិច្ចនៅបន្តនីតិវិធីករណីប្រើហិង្សានេះ។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានឱ្យដឹងថា ជនសង្ស័យឈ្មោះនួន ឆានី អាយុ៣២ឆ្នាំ អតីតព្រះសង្ឃ ជាគ្រូសូត្រឆ្វេងស្នាក់នៅវត្តទ្រព្យគរ នៅភូមិ ឃុំខាងលើ ដែលបានយកចានថ្មវាយនិងគប់ទៅលើព្រះកេសសាមណេរព្រះនាមពេជ្រ សាវុធ អាយុ១៤ឆ្នាំ នៅវត្តជាមួយគ្នាបណ្ដាលឱ្យរងរបួសដេរជាច្រើនថ្នេរ។មូលហេតុទំនាស់ពាក្យសម្ដីទើបបង្កឱ្យ​មានអំពើហិង្សានេះកើតឡើង៕ដោយ៖វិចិត្រ