សន្ដិសុខសង្គម

ជំនាញបញ្ជូនមេឈ្មួញរកស៊ីវល្លិរមៀត ទម្ងន់ជិត១០តោនទៅតុលាការ

ស្ទឹងត្រែង៖កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានចាប់មេឈ្មួញរកស៊ីវល្លិរមៀតទម្ងន់ជិត​១០តោន ហើយបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករានេះថា ក្រោយពីចាប់បទល្មើស ជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធជួញ​វល្លិរមៀតខុសច្បាប់មានទម្ងន់ជិត១០តោនពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទៅប្រទេសឡាវហើយបញ្ជូនទៅតុលាការ។

មន្ត្រីដដែលបានបន្តថា កាលពីថ្ងៃទី២៤ ខែមករា នៅម្តុំចុងភូមិថ្មដា ស្រុកសៀមប៉ាង កម្លាំងអាវុធហត្ថនិងរដ្ឋបាលព្រៃឈើបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទិត្យ វាសនា ហៅក្រេះ អាយុ៣៦ឆ្នាំ នៅភូមិឃុំខាងលើ។មេឈ្មួញរូបនេះបានប្រមូលទិញវល្លិរមៀតពីប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានស្រុកសៀមប៉ាង រួចជួលរថយន្តសាំយ៉ុងដឹកទៅចុងភូមិថ្មដា ​​បន្តដឹកតាមគោយន្ត​ឆ្ពោះទៅច្រករបៀងព្រំដែនកម្ពុជាឆ្លងចូលទៅប្រទេសឡាវ។

វត្ថុតាងបទល្មើសវល្លិរមៀតនេះសមត្ថកិច្ចដកហូតបានចំនួន២០២ការុងមានទម្ងន់៩.៥៨៥គីឡូក្រាម។ចំពោះវល្លិរមៀតនេះដែរឈ្មួញលក់ក្នុងមួយគីឡូក្រាមតម្លៃ៧០០រៀល៕ដោយ:សុខុម