អន្តរជាតិ

អ៊ុយក្រែនថាទ័ពរុស្ស៊ីវាយសន្ធាប់បុករុលខ្លាំង នៅជិតខ្សែបន្ទាត់ Bakhmut និង Vuhledar

ក្រឡេកមកចាប់អារម្មណ៍នឹងស្ថានភាពនៅតំបន់សមរភូមិដុនបាសភាគខាងកើតវិញម្តង អ៊ុយក្រែន​រាយការណ៍មកថា រុស្ស៊ីកំពុងដាក់សម្ពាធបុករុលខ្លាំងនៅត្រង់ចំណុចជិតខ្សែបន្ទាត់ Bakhmut និង Vuhledar។

នេះដោយយោងតាមលោកស្រី Hanna Maliar អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនក្នុងសារ​តេលេក្រាម។ ដូចបានបង្ហាញនៅក្នុងផែនទី ចំណុចពណ៌ក្រហមនិងព្រួញបុកចូល គឺជាសកម្មភាពដែលទ័ពរុស្ស៊ីកំពុងសម្រុកដាក់សម្ពាធដើម្បីដណ្តើមយកតំបន់ឈរជើងថ្មី។ វាស្ថិតនៅលើទីតាំងខ្សែបន្ទាត់ខេត្តដូណេត នៅមិនឆ្ងាយពីខ្សែបន្ទាត់ផ្លូវបំបែកតំបន់ Bakhmut និង Vuhledar ដែលសុទ្ធតែជាភូមិសាស្រ្តនៅដុនបាសតែទាំងអស់។

លោកស្រី Maliar  បានសរសេរថា សត្រូវកំពុងបង្កើនសម្ពាធលើរណសិរ្ស Bakhmut និង Vuhledar យ៉ាងខ្លាំង។ ការប្រយុទ្ធគ្នាយ៉ាងសាហាវកំពុងបន្ត។ សត្រូវកំពុងបញ្ជូនបុគ្គលិក អាវុធ និងសម្ភារយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ពួកគេចូលទៅក្នុង សមរភូមិ ដោយព្យាយាម​ទម្លុះការការពាររបស់យើង។ ថ្វីបើរុស្ស៊ីទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពួកគេមិនព្រមបោះបង់​ផែនការរបស់ពួកគេឡើយ។ ភាពខ្លាំងនៃការប្រយុទ្ធកំពុងកើនឡើងឥឡូវនេះនៅក្នុង Donbas។ អ្វីដែលទ័ពអ៊ុយក្រែនមានគឺជាការបន្តទប់ទល់បំផ្លាញសម្ភារនិងជីវិតសត្រូវ អ៊ុយក្រែនមានភាព​ក្លាហានជាពិសេស។

ដោយឡែក ចំពោះទីក្រុងរ៉ែអំបិលវិញ កាលពីថ្ងៃទី២៥ ខែមករា លោក Serhii Cherevatyi លេខាធិការសារព័ត៌មាននៃក្រុមភាគខាងកើតកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រាប់ប្រភព BBC ថា ក្រុមអ្នកការពារអ៊ុយក្រែនបានចាកចេញពីទីក្រុង Soledar ទាំងស្រុងហើយ មានន័យថា ត្រូវបានរុស្ស៊ីកាន់កាប់យ៉ាងពិតប្រាកដ៕

ប្រភព៖ Ukrainska pravda

ប្រភពរូប៖Ukrainska pravda
ប្រែសម្រួល៖សុខ តុលា