អន្តរជាតិ

សេតវិមាន៖ ការបណ្តុះបណ្តាលទាហានអ៊ុយក្រែនលើរថក្រោះ Abrams នឹងចាយពេលត្រឹមសប្តាហ៍ មិនមែនខែ

សេតវិមានទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលទាហានអ៊ុយក្រែនលើរថក្រោះ Abrams នឹងចាយពេលត្រឹមសប្តាហ៍ប៉ុណ្ណោះ មិនមែនយូររាប់ខែនោះទេ។

បើតាមលោក John Kirby ដែលជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រនៅ​ក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមានបានធ្វើអត្ថាធិប្បាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក CNN កាលពីថ្ងៃពុធថា ការហ្វឹកហាត់បណ្តុះបណ្តាលទាហានអ៊ុយក្រែនឲ្យចេះប្រើរថក្រោះ Abrams នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដោយចំណាយពេលត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ខណៈជាធម្មតា ការហ្វឹកហាត់លើប្រព័ន្ធអាវុធធុនធ្ងន់បែបនេះត្រូវប្រើថិរវេលាយូរដល់ទៅច្រើនខែ។ សម្រង់សម្ដីរបស់លោក Kirby “មន្ទីរបញ្ចកោណទំនងជាត្រូវការពេលសប្តាហ៍ មិនមែនខែទេ ដើម្បីធ្វើការ និងអនុវត្តផែនការហ្វឹកហ្វឺនសម្រាប់កងទ័ពអ៊ុយក្រែននៅលើរថក្រោះ M1 Abrams ។ ដោយឡែកចំពោះការដឹកជញ្ជូន និងបញ្ចប់ការរៀបចំឲ្យរួចរាល់ទាំងស្រុង ទីប្រឹក្សា Kirby មិនទាន់ហ៊ាននិយាយប្រាប់ពិតប្រាកដអំពីពេលណានោះទេ។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាម៉េរិក Joe Biden បានបញ្ជាក់អំពីចេតនារបស់គាត់ក្នុងការផ្ទេររថក្រោះ M1 Abrams ចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន ស្មើនឹងកងវរសេនាតូចអ៊ុយក្រែនមួយ ដើម្បីពង្រឹង​សមត្ថភាពការពាររបស់ខ្លួនប្រចាំនៅខ្សែបន្ទាត់ខាងក្រោយទប់រុស្ស៊ី៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា