សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ពាណិជ្ជកម្មកម្ពុជាស្នើ​បារាំង ជួយ​ជំរុញ​វិនិយោគិនមកវិនិយោគនៅកម្ពុជា​

​ភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ​ឯកឧត្ដម អូ​លី​វ្យេ បិ​ច (Olivier Becht) រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស ការទាក់ទាញ​វិនិយោគិន និង​ជនជាតិ​បារាំង​នៅ​បរទេស ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានស្នើ​ភាគី​បារាំង​ពិចារណា​ទាក់ទាញ​អ្នក​វិនិយោគិន​បារាំង​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើន​ឡើង​បន្ថែមទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​គឺធ្វើឡើង​តាមរយៈ​ការប្រើប្រាស់​អត្ថប្រយោជន៍​នៃ​កិ​ច្ព្រ​ម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​បាន​ចរចា​បង្កើតឡើង ជាពិសេស​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​កម្រិត​ទ្វេភាគី​ជាមួយ​ចិន​និង​កូរ៉េខាងត្បូង ដើម្បី​ផ្ដល់ឱកាស​ឱ្យ​វិនិយោគិន​បារាំង និង​កម្ពុជា​មានលទ្ធភាព​ពង្រីក​ទីផ្សារ​នាំចេញ​ផលិតផល​សក្ដានុពល​ទៅកាន់​ទីផ្សា​អឺរ៉ុប​បន្ថែមទៀត ដែល​ក្នុងនោះ​រួមមាន​៖ ផលិតផល​កសិកម្ម ផ្លែឈើ ម្ហូបអាហារ ផលិតផល​កែច្នៃ សម្លៀកបំពាក់ រួមទាំង​ជ័រកៅស៊ូ​ជាដើម​។​

ជា​កិច្ច​ឆ្លើយតប ឯកឧត្ដម​រដ្ឋមន្ត្រី​ប្រតិភូ​បារាំង ក៏បាន​លើកឡើង​អំពី​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​បារាំង ក្នុងការ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​វិស័យ​សំណង់​ស៊ីវិល និង​វិស័យ​ដឹកជញ្ជូន រួមមាន​រថភ្លើង​ល្បឿន​លឿន និង​កំពង់ផែ​ស្វយ័ត​ជាដើម​។​

​នៅ​កិច្ចបញ្ចប់ ឯកឧត្ដម​រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​បង្ហាញ​ឆន្ទៈ និង​ពិភាក្សា​អំពី​លទ្ធភាព​ក្នុងការ​បង្កើត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ភាគី​កម្ពុជា​-​បារាំង ទាំង​ក្នុង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ ដើម្បី​ពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ជាពិសេស​គឺ​សក្ដានុពល​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​

​គួរ​បញ្ជាក់ថា​៖ សាធារណរដ្ឋ​បារាំង គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​នៅក្នុង​សហគមន៍​អឺរ៉ុប ជាក់ស្ដែង​នៅ​ឆ្នាំ​២០២២ ភាគី​ទាំងពីរ​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ៥០០ លាន​ដុល្លារ​អាម៉េរិក ជាមួយនឹង​កំណើន​ប្រមាណ ១៦.៣១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែល​សម្រេចបាន ៤៣០ លាន​ដុល្លារ​អាម៉េរិក​។ ទំនិញ​នាំចេញ​សក្តានុពល​ពី​កម្ពុជា​ទៅ​បារាំង រួមមាន​៖ អង្ករ ផលិតផល​កសិកម្ម សំលៀកបំពាក់ និង​ស្បែកជើង ជាដើម រីឯ​ទំនិញ​នាំចូល​សក្តានុពល​ពី​បារាំង​មក​កម្ពុជា​វិញ រួមមាន​៖ ឱសថ បន្ទះក្តារ និង​ភេសជ្ជៈ​។​ល​៕​ដោយៈសិរីមតី