សេដ្ឋកិច្ច

ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ គ្រោង​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​

ភ្នំពេញ​៖​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គ្រោង​នឹង​ចំណាយ​ថវិកា​មិនតិចជាង ២០០​លាន​ដុល្លារ​អាមេរិក​នោះទេ​។​នេះ​បើតាម​ប្រសាសន៍​របស់ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ លោក វ​ង្សី វិស្សុត បាន​បញ្ជាក់ថា ទឹកប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​នេះ មិន​រាប់បញ្ចូល​លើ​ការសាងសង់​ពហុ​កីឡដ្ឋាន​មក​រត​តេ​ជោ ដែលជា​ជំនួយ​ទាំងស្រុង ១០០% របស់​មិត្ត​ចិន​នោះទេ ហើយ​ផ្ទះ​កីឡា​សម្រាប់​កីឡាករ​ស្នាក់នៅ ក៏​មិន​រាប់បញ្ចូល​ដែរ​។ ផ្ទះ​កីឡារ​ជាការ​ប្រើប្រាស់ យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​រាជរដ្ឋាភិបាល មិន​ចំណាយ​ថវិកា​នោះទេ​។​

សូមជម្រាបថា នៅសល់តែ ៩៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ពេលវេលា ដែល​កម្ពុជា ទទួល​ភារកិច្ច​រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ ឬ​ស៊ី​ហ្គេម​ហើយ​។ នេះ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត សម្រាប់​កម្ពុជា​បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ប្រមាណ ៦៤​ឆ្នាំ​មកហើយ​។​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា នឹង​ប្រ​ព្រឹ​ត្ដទៅ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣​។ រីឯ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នៅ​កម្ពុជា ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​៣-០៩ ខែមិថុនា ឆ្នាំ​២០២៣៕ដោយៈសិរីមតី