សន្ដិសុខសង្គម

ជំនាញចាប់បានឈើ១៤សន្លឹកជាង៤ម៉ែត្រគុបយករក្សាទុក

ស្ទឹងត្រែង៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានចាប់ឈើអារចំនួន១៤សន្លឹក​ស្មើជាង៤ម៉ែត្រគុប យករក្សាទុកជាបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង។

លោកហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមករានេះថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង សហការជាមួយអាជ្ញាធរភូមិ​រំដេង-នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់។

ជំនាញបានចុះបង្រ្កាបការសន្និធិឈើអារលេខ២ ប្រភេទឈើទាលចំនួន១៤សន្លឹកស្មើនឹង៤,៤៧៩​ម៉ែត្រគុប​ដែលបានសន្និធិគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅក្នុងភូមិរំដេងឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកនាយផ្នែកបានបន្តថា តាមការបញ្ជាក់ពីលោកមេភូមិនិងនគរបាលប៉ុស្តិ៍បានឱ្យដឹងថា​ឈើអារចំនួន១៤សន្លឹកនោះជារបស់ឈ្មោះ ញ៉ ជនជាតិខ្មែរអ៊ិស្លាមនៅខេត្តកំពង់ចាម។ក្រុមការងារបានសម្រេចដឹកជញ្ជូនវត្ថុតាងទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើ៕ដោយ:សុខុម