សន្ដិសុខសង្គម

ឃាត់ខ្លួនបុរសបង្កជម្លោះជាមួយស្រីស្នេហ៍ និងប្រើហិង្សាលើប្អូនប្រុស

ភ្នំពេញ​៖កម្លាំងនគរបាល​បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបើករថយន្តមកផ្ទះស្រីស្នេហ៍តែនាង​មិនបើកទ្វារឱ្យចូល ក៏ស្រែកឡូឡានិងបង្កជម្លោះ ​ហើយបានប្រើហិង្សាលើប្អូនប្រុសរបស់នាងឱ្យ​រងរបួស។ករណីនេះបានកើតឡើងនៅភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរំលង​អធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករាឆ្នាំ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនបង្កឈ្មោះ​ឈួន ណារ៉ុង​ អាយុជាង៥០ឆ្នាំ ធ្វើការនៅក្រសួង​អប់រំយុវជននិងកីឡា។​ចំណែកជនរងគ្រោះជាប្អូនប្រុសខាងស្រីឈ្មោះហេង បូរិ​ អាយុ៣៩ឆ្នាំ។

ស្ត្រីជាសង្សារបុរសខាងលើនោះបានឱ្យដឹងថា រូបគាត់និងជនបង្កធ្លាប់ជាសង្សារនឹងគ្នា១ឆ្នាំមកហើយ។ក្រោយមករូបគាត់បានផ្ដាច់ទំនាក់ទំនង ប៉ុន្តែខាងប្រុសចេះតែមករកគាត់ ដោយរូបគាត់មិនចង់ជួប​និងបានគេចរហូត។លុះមកដល់ថ្ងៃកើតហេតុ បុរសខាងលើបានបើករថយន្តមកដល់ផ្ទះគាត់ ហើយបានគោះទ្វារស្រែកហៅឱ្យបើកទ្វារ។តែរូបគាត់មិនបើកឱ្យចូលទេ ស្រាប់តែស្រែកឡូឡា​ផ្អើលអ្នកជិតខាងបង្កជម្លោះ ហើយវាយលើប្អូនប្រុសគាត់មួយដៃឱ្យហើមប៉ោងមុខម្ខាង ទើបប្តឹងទៅសមត្ថកិច្ចតែម្តង៕ដោយ៖វិចិត្រ