អន្តរជាតិ

កូរ៉េខាងជើងប្រកាសអាសន្នអាកាសធាតុចុះត្រជាក់ខ្លាំងដកក្រោមសូន្យអង្សា

ប្រទេសកូរ៉េខាងជើងចេញសេចក្តីប្រកាសអាសន្នអាកាសធាតុចុះត្រជាក់ខ្លាំង ដោយនៅតំបន់​ក្រីក្រភាគខាងជើងបង្អស់ សីតុណ្ហភាពនឹងធ្លាក់ចុះរហូតដល់ដករាប់សិបអង្សាសេ។

នេះដោយយោងតាមការដកស្រង់បន្តដោយវិទ្យុរដ្ឋកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៥ ខែ មករា ឆ្នាំ២០២៣។ ក្នុងនោះបានរាយការណ៍ថា សីតុណ្ហភាពទំនងជាធ្លាក់ចុះដល់ក្រោម -៣០អង្សាសេនៅក្នុងតំបន់ Ryanggang, North Hamgyong និង South Hamgyong ដែលជាខេត្តក្រីក្របំផុតរបស់ប្រទេសនេះ។ សេចក្តីប្រកាសអាសន្ន បានព្រមានពីគ្រោះមហន្តរាយអាកាសធាតុ គ្រោះថ្នាក់បំផុតដែលនឹងងាយកើតមាន ខណៈប្រជាជននៅទីនោះមានជីវភាពលំបាកលំបិន។ នៅរដ្ឋធានីព្យុងយ៉ាង សារព័ត៌មាន NK News បាននិយាយថា អគ្គិសនីគឺនៅមានធម្មតាទេ ទាំងនៅក្នុង និងនៅខាងក្រៅរដ្ឋធានី តែគ្រួសារនីមួយៗកំពុងញាប់ដៃញាប់ជើងដុតអុស និងរុក្ខជាតិស្ងួតសម្រាប់ផ្តល់ជាភាពកក់ក្តៅនាពេលត្រជាក់នេះ។ ជាងនេះទៅទៀត មនុស្សជាច្រើនក៏បាននាំគ្នាយកថង់ប្លាស្ទិចរុំជុំវិញទ្វារ និងបង្អួចរបស់ពួកគេ។ នៅតំបន់ឆ្នេរសមុទ្រវិញ សេចក្តីរាយការណ៍បាននិយាយថា មានខ្យល់ត្រជាក់បក់បោកខ្លាំងណាស់ ខុសប្លែកពីឆ្នាំមុនៗ ដែលជាឧបសគ្គដ៏ធំសម្រាប់ការនេសាទ និងល្បាតសមុទ្រ។

ទោះជាយ៉ាងណា មកដល់ពេលនេះ គេមិនទាន់ដឹងថាតើមានអ្នកស្លាប់ប៉ុន្មាននាក់នៅឡើយទេ។ សេចក្តីរាយការណ៍កាលពីខែធ្នូកន្លងទៅបានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជាច្រើននាក់​ក្នុងប្រទេសបានបាត់ខ្លួន អំឡុងពេលមានអាកាសធាតុត្រជាក់ខ្លាំងមួយផ្សេងទៀត។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​គិត​ថា​បាន​ស្រេក​ឃ្លាន ឬ​ជាប់​គាំង​រហូត​ដល់​ស្លាប់តែម្តង៕

ប្រភព៖ BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា