អន្តរជាតិ

អាម៉េរិកសម្រេចថានឹងបញ្ជូនរថក្រោះធុនធ្ងន់ M1 Abrams របស់ខ្លួនឲ្យអ៊ុយក្រែន

សហរដ្ឋអាម៉េរិកនៅទីបំផុតបានសម្រេចបើកសោបញ្ជូនរថក្រោះធុនធ្ងន់ដ៏ខ្លាំងក្លា M1 Abrams របស់ខ្លួនទៅឲ្យអ៊ុយក្រែនហើយ ដើម្បីអាចឲ្យអាល្លឺម៉ង់ហ៊ានបញ្ជូនរថក្រោះ​ ខ្លារខិនទៅតាមក្រោយ។

នេះដោយយោងតាមការចេញផ្សាយដោយកាសែតឌឹញូយ៉កថាម នៅថ្ងៃពុធទី ២៥ ខែមករា ​ឆ្នាំ២០២៣។ មន្រ្តីនៃរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនត្រូវបានដកស្រង់សម្ដីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃអង្គារថា ឆ្លងកាត់ការផ្លាស់ប្តូរការតស៊ូដ៏យូរអង្វែងរបស់ខ្លួន នៅទីបំផុតរដ្ឋបាលលោក ចូបៃដិន គ្រោងនឹងបញ្ជូនរថក្រោះ M1 Abrams ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងអ្វីដែលនឹងក្លាយជាជំហាន​ដ៏សំខាន់មួយក្នុងការបំពាក់អាវុធដល់ទីក្រុង Kyiv ដើម្បីអាចផ្តួលរុស្ស៊ីរំដោះយកទឹកដីមកវិញ។ សេតវិមានត្រូវបានគេរំពឹងថានឹងប្រកាសការសម្រេចចិត្តនេះជាផ្លូវការនៅព្រឹកថ្ងៃពុធម៉ោងនៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីពីរនាក់បាននិយាយថាចំនួនរថក្រោះ Abrams អាចនឹងមានប្រហែលដល់ទៅ ៣០ គ្រឿង យកចេញពីក្រុមហ៊ុនផលិតផ្ទាល់ មិនមែនផ្ទេរចេញពីឃ្លាំង​អាម៉េរិកដែលមានស្រាប់នោះទេ។ ចំណែកពេលវេលាដឹកជញ្ជូនផ្សេងទៀត មន្រ្តីទាំងនេះសុំមិននិយាយ ព្រោះវាមានភាពរសើប។

យ៉ាងណាក៏ដោយ ការបញ្ជូនរថក្រោះដ៏សាហាវនេះ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏ក្លាហានរបស់​មហាអំណាចអាម៉េរិកក្នុងនាមជាសម្ព័ន្ធមិត្តសម្រាប់អ៊ុយក្រែនការពារប្រទេសឯករាជ្យរបស់ខ្លួន។ តាមប្រភពដដែល រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd J. Austin បានយល់ឃើញថា ការប្តេជ្ញាចិត្តក្នុងការបញ្ជូនរថក្រោះរបស់អាម៉េរិកគឺចាំបាច់ណាស់ ដើម្បីអាចជំរុញឲ្យប្រទេស​អាល្លឺម៉ង់ហ៊ានធ្វើតាមក្រោយបញ្ជូននូវរថក្រោះ Leopard 2 ឬហៅជាខ្លារខិនទៅកាន់អ៊ុយក្រែនបាន។ ក្នុងរយៈពេលមួយខែកន្លងមកនេះ មន្ត្រីមន្ទីរបញ្ចកោណបានសម្តែងអាកប្បកិរិយាអល់អែកក្នុងការបញ្ជូន Abrams ដោយលើកឡើងពីការព្រួយបារម្ភអំពីរបៀបដែលអ៊ុយក្រែននឹងរក្សារថក្រោះទំនើបនេះ ព្រោះវាទាមទារការបណ្តុះបណ្តាល និងរៀនសូត្រខ្ពស់ ហើយធ្វើឲ្យទាហានអ៊ុយក្រែនចាយពេលយូរ​នៅក្នុងសមរភូមិ៕

ប្រភព៖ The NYtimes

ប្រភពរូប៖The NYtimes
ប្រែសម្រួល៖សុខ តុលា