អន្តរជាតិ

ហូឡង់ចង់ទិញរថក្រោះខ្លារខិន Leopard 2 ចំនួន ១៨ គ្រឿងពីអាល្លឺម៉ង់ឲ្យអ៊ុយក្រែន

ប្រទេសហូឡង់និយាយថា ខ្លួនមានឆន្ទៈ និងផែនការចង់ទិញរថក្រោះខ្លារខិន ឬLeopard 2 ចំនួន ១៨ គ្រឿងពីប្រទេសអាល្លឺម៉ង់ ដើម្បីយកទៅឲ្យអ៊ុយក្រែន។

តាមសម្រង់សម្ដីលោក Mark Rutte ជានាយករដ្ឋមន្រ្តីហូឡង់ ដែលបានប្រកាសនៅក្នុងបទសម្ភាសន៍​ជាមួយកាសែតអាល្លឺម៉ង់ Zeitung កាលពីថ្ងៃអង្គារទី ២៤ ខែមករា បានឲ្យដឹងថា ហូឡង់មានឆន្ទៈ​ចង់ទិញ​រថក្រោះ Leopard 2 ចំនួន ១៨គ្រឿងពិតមែនពីអាល្លឺម៉ង់ ដើម្បីផ្តល់ជូនគាំទ្រអ៊ុយក្រែនក្នុង​សង្រ្គាម។ លោក Rutte បានកត់សម្គាល់ពីការយល់ដឹងអំពីតម្រូវការសម្រាប់រថក្រោះនេះ ហើយថាជំហានបែបនេះនឹងសមហេតុផលសម្របសម្រួលជាមួយប្រទេសផ្សេងទៀតដូចជាហ្វាំងឡង់ និងព័រទុយហ្គាល់ ទោះបច្ចុប្បន្នមិនទាន់មានការឆ្លើយតបក៏ដោយ។

លោក Rutte ក៏បាននិយាយទៀតថា លោកមិនទាន់ចង់ដាក់សម្ពាធខ្លាំងពេកដល់អាល្លឺម៉ង់ទេ ថាតើពួកគេនឹងយល់ព្រមលក់ឲ្យឬអត់។ តែប្រសិនបើអាល្លឺម៉ង់មិនព្រមលក់ឲ្យទេ ហូឡង់និងប្រទេសផ្សេងទៀតនឹងត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងលើការផ្គត់ផ្គង់រថក្រោះនេះផ្ទាល់តែម្តងដោយឈរលើមូលដ្ឋានទ្វេភាគី។

សំណើរថក្រោះនេះកើតឡើងបន្តបន្ទាប់គ្នាទៅកាន់ភាគីអាល្លឺម៉ង់ បន្ទាប់ពីសំណើរបស់ប៉ូឡូញ។ យ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ការសម្រេច​ចិត្ត​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៥ ខែ​មករានេះហើយ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា