សន្ដិសុខសង្គម

មន្ត្រីនគរបាលផ្កាយ២ម្នាក់ស្រវឹងបើករថយន្តឡើងសួនច្បារវិមានឯករាជ្យ

ភ្នំពេញ៖មន្ត្រីនគរបាលផ្កាយ២ម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងជ្រុលឡើងលើសួនច្បារ​ម្តុំវិមានឯករាជ្យរួចបន្តទៅបុករទេះលក់ទឹកសុទ្ធ តែមិនបង្កគ្រោះថ្នាក់មនុស្សទេ។ហេតុការណ៍នេះ​កើតឡើងនៅសួនច្បារវិមានឯករាជ្យ កាលពីម៉ោងប្រមាណ១០យប់ ថ្ងៃទី២៤ ខែមករា ​ឆ្នាំ២០២៣។

មន្ត្រីនគរបាលប្រចាំគោលដៅបានឱ្យដឹងថា​ មុនកើតហេតុ មានមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បើកបររថយន្តទំនើបក្នុងស្ថានភាពស្រវឹងឡើងលើសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទេះ​លក់ទឹកសុទ្ធ។ចំណែកប្រជាពលរដ្ឋដើរលេងកម្សាន្តនិងអ្នកហាត់ប្រាណនៅក្បែរកន្លែងកើតហេតុ​ភ័យព្រលឹងចុងសក់។

រថយន្តបង្កម៉ាកឡង់គ្រីស័រ​ ផ្លាកលេខ ភ្នំពេញ 2AU-3868 អ្នកបើកបរឈ្មោះ​ យិន លីម ជាមន្ត្រីនគរបាល​ថ្នាក់ឧត្តមសេនីយ៍ទោ។ចំណែកអ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសទេ ​ព្រោះបានគេចផុត៕ដោយ៖វិចិត្រ