សន្ដិសុខសង្គម

ប្តីប្រពន្ធចេញពីផ្សារត្រូវចោរឆក់យកកាបូបលុយអស់ជាង១០លានរៀល ​

ភ្នំពេញ៖ប្តីនិងប្រពន្ធបានជិះម៉ូតូរៀងខ្លួនចេញពីផ្សារដើមគបំណងទៅផ្ទះ ស្រាប់តែមានចោរមួយក្រុម​ជិះម៉ូតូ៣គ្រឿងមកឆក់យកកាបូបលុយបានសម្រេចរួចគេចខ្លួនបាត់អស់។ករណីបង្កការភ្ញាក់ផ្អើលនេះ​បានកើតឡើងនៅមុខវត្តស្ទឹងមានជ័យ​ តាមផ្លូវព្រះមុនីរ៉េត ​ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា។

ស្ត្រីរងគ្រោះបានឱ្យដឹងថា​ មុនកើតហេតុ ពួកគាត់បានជិះម៉ូតូម្នាក់១គ្រឿងចេញពីផ្សារដើមគ​ដោយប្តីជិះតាមក្រោយ ហើយស្ពាយកាបូបលុយពីចំហៀង​។មកដល់កន្លែងខាងលើ ស្រាប់តែមានក្រុមចោរជិះម៉ូតូ៣គ្រឿងមកពីក្រោយឆក់យកកាបូបលុយពីប្តីរបស់គាត់បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់អស់។

​ក្នុងកាបូបនោះមានលុយចំនួនជាង១០លានរៀល​និងទូរសព្ទម៉ាក​ Iphone 13​ មួយគ្រឿង មានទាំងឯកសារមួយចំនួនទៀត។ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង​នៅនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីសុំឱ្យជួយស្វែងរកចាប់ក្រុមជនសង្ស័យ​ទាំងនោះយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ