សន្ដិសុខសង្គម

បញ្ជូនក្រុមទំនើង៦នាក់បង្កអសន្តិសុខ និងដេញកាប់អ្នកដំណើរទៅតុលាការ

កំពង់ឆ្នាំង៖កម្លាំងនគរបាលកំពង់ឆ្នាំង បានបញ្ជូនក្រុមទំនើង៦នាក់ដែលអុកឡុកនិងដេញកាប់អ្នក​ដំណើរជិះម៉ូតូតាមផ្លូវនាពេលកន្លងមកទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែមករា នគរបាលខេត្តចុះស្រាវជ្រាវចាប់បាន​ក្រុមទំនើង​ចំនួន៦នាក់ ដែលកន្លងមកតែងដេញវ៉ៃ-ដេញកាប់បំផ្លាញម៉ូតូនិងកាប់អ្នកដំណើរតាមផ្លូវ​បង្កអសន្តិសុខ​ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ត្រីដដែលបានបន្តថា ក្រុមទំនើងទាំងនោះបានធ្វើសកម្មភាពជាច្រើនលើកនៅស្រុក​រលាប្អៀរ-ក្រុងកំពង់ឆ្នាំង បង្កឱ្យមានមនុស្សរងរបួស, ខូចខាតនិងបាត់បង់សម្ភារទ្រព្យសម្បត្តិ។

តាមចម្លើយរបស់ក្រុមទំនើងបានប្រាប់ថា ពួកគេតែងតែធ្វើសកម្មភាពបែបនេះស្ទើររៀងរាល់ថ្ងៃ ភាគច្រើនធ្វើនៅកន្លែងស្ងាត់, តំបន់សួនច្បារនិងម្តុំរង្វង់មូល ហើយនាំគ្នាគេចចូលផ្ទះ។ពេលចាប់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូនិងដាវដែលជាឧបករណ៍បានធ្វើសកម្មភាពកន្លងមក៕ដោយ៖វិចិត្រ