អន្តរជាតិ

ទាហានស្ម័គ្រចិត្តអង់គ្លេស២នាក់ទៀតត្រូវបានសម្លាប់នៅខេត្តដូណេតអ៊ុយក្រែន

ទាហានស្ម័គ្រចិត្តជនជាតិអង់គ្លេស២នាក់ទៀតហើយត្រូវបានក្រុមគ្រួសាររបស់ពួកគេបញ្ជាក់ថាស្លាប់នៅថ្ងៃអង្គារសប្តាហ៍នេះ ​ដោយថាពួកគេត្រូវបានសម្លាប់ក្នុងប្រតិបត្តិការខេត្តដូណេត​ភាគខាងកើតប្រទេស​អ៊ុយក្រែន។

តាមការដកស្រង់ដោយកាសែតអឺរ៉ុបប្រាវដាទៅលើក្រុមគ្រួសាររបស់អ្នកស្ម័គ្រចិត្តទាំងនោះផ្ទាល់ បានឲ្យដឹងថា ពួកគេគឺជាជនជាតិអង់គ្លេស ដោយម្នាក់មានឈ្មោះ Andrew Bagshaw និងម្នាក់ទៀតមានឈ្មោះ Christopher Parry។ អ្នកទាំងពីរបានបាត់ខ្លួននៅតំបន់ Donbas តាំងពីថ្ងៃទី ៧ ខែមករាមកម្ល៉េះ តែរកមិនឃើញទាល់តែសោះ រហូតមកដល់ថ្ងៃអង្គារសប្តាហ៍នេះ ក្រុមគ្រួសារបានបញ្ជាក់ការស្លាប់ជាផ្លូវការរបស់ជនខាងលើ បន្ទាប់ពីទទួលបាននូវរូបភាព​សាកសពអ្នកស្ម័គ្រចិត្ត Parry តាមរយៈប្រភពដែលជិតស្និទ្ធនឹងក្រុមទាហានស៊ីឈ្នួលរុស្ស៊ីបានបង្ហោះ និងចែករំលែក។ តាមរយៈរូបភាពនោះ ពួកគេត្រួវបានសម្លាប់យ៉ាងពិតប្រាកដ ក្នុងអំឡុងពេលប៉ុនប៉ងជម្លៀសមនុស្សចេញពីទីក្រុង Soledar ទីក្រុងរ៉ែអំបិលក្នុងខេត្ត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែនជាតំបន់សមរភូមិក្តៅ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់ក្រុមគ្រួសារជនរងគ្រោះ អ្នកស្លាប់បានធ្វើដំណើរទៅកាន់​ប្រទេសអ៊ុយក្រែនក្នុងនាមជាអ្នកស្ម័គ្រចិត្តជួយខាងទាហានអ៊ុយក្រែនជម្លៀសប្រជាជនក្នុងខែមីនា ឆ្នាំ ២០២២ ហើយបានជួយជីវិតមនុស្សជាង ៤០០ នាក់ និងសត្វចិញ្ចឹមជាច្រើនដែលត្រូវគេបោះបង់ចោល​តាមផ្លូវ។ ជាចុងក្រោយក្រុមគ្រួសារបានសម្ដែងទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងបានបួងសួងដល់​អ្នកស្លាប់ឲ្យទៅកាន់សុគតិ ភព។ សេចក្តីថ្លែងការណ៍បានបញ្ចប់ដោយពាក្យ “សិរីល្អដល់អ៊ុយក្រែន សិរីល្អដល់វីរបុរស!” ជាភាសាអ៊ុយក្រែន៕

ប្រភព៖ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា