សន្ដិសុខសង្គម

ជំនាញចុះរំដោះគ្រាប់មិនទាន់ផ្ទុះចេញពីដីចម្ការនៅស្រុករតនមណ្ឌល

បាត់ដំបង៖អាជ្ញាធរមូលដ្ឋាននិងមន្ត្រីអង្គភាពស៊ីម៉ាក បានទៅរំដោះយកគ្រាប់ជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ចេញពីដីចម្ការបន្ទាប់ពីពលរដ្ឋប្រទះឃើញរួចរាយការណ៍ប្រាប់សមត្ថកិច្ច។

លោក សន និល អធិការនគរបាលស្រុករតនមណ្ឌលបានឱ្យដឹងថា ការប្រទះឃើញនូវគ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះនៅលើដីចម្ការមួយម្តុំជើងភ្នំជ្រាញ់ ក្នុងភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមករា។ម្ចាស់ចម្ការឈ្មោះអ៊ូ សារុំ អាយុ ៥៨ឆ្នាំ នៅភូមិ ឃុំខាងលើ។

ម្ចាស់ចម្ការបានប្រាប់សមត្ថកិច្ចឱ្យដឹងថា រូបគាត់យូរៗបានទៅចម្ការម្តងក៏ប្រទះឃើញ​គ្រាប់បែកដោយមិនបានដឹងថារប៉ាត់រប៉ាយមកពីណាឡើយ។ភ្លាមៗនោះឈ្មោះអ៊ូសារុំ ក៏រាយការណ៍ទៅនគរបាលមូលដ្ឋានដើម្បីចុះមកពិនិត្យ។

លោកអធិការបានបន្តថា ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចបានសហការជាមួយ​មន្ត្រីជំនាញCMAC ចុះពិនិត្យរួចយកចេញពីចម្ការនោះមានចំនួន២គ្រាប់ ជាប្រភេទគ្រាប់បែកដៃ​S1មួយគ្រាប់និងមីនPMN2 មួយគ្រាប់ ជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម៕ដោយ: ព្រះអង្គខ្មៅ