អន្តរជាតិ

អ៊ុយក្រែនចាប់ខ្លួនអនុរដ្ឋមន្រ្តីរឿងពុករលួយ ប្រហែល៤០ម៉ឺនដុល្លារ

ហ្សេឡិនស្គី បានប្តេជ្ញាបង្រ្កាបអំពើពុករលួយ បន្ទាប់ពីរដ្ឋបាលបានចាប់ខ្លួនអនុរដ្ឋមន្រ្តីម្នាក់ទទួល​បន្ទុកហេដ្ឋារចនាសម្ព័ន្ធ សង្ស័យពីបទទទួលលុយប្រហែល៤០ម៉ឺនដុល្លារអាម៉េរិកតាមរយៈការនាំចូល​ម៉ាស៊ីនភ្លើង។

នេះដោយយោងតាមសាររបស់លោកប្រធានាធិបតីហ្សេឡិនស្គី ក្នុងបណ្តាញតេលេក្រាម​ កាលពីថ្ងៃចន្ទទី ២៣ ខែមករា ឆ្នាំ២០២៣។ លោកបានសរសេរថា “ថ្ងៃនេះ គណៈរដ្ឋមន្ត្រីប្រទេស​អ៊ុយក្រែន​បានបណ្តេញអនុរដ្ឋមន្ត្រីម្នាក់ ដែលត្រូវបានលាតត្រដាងដោយ NABU ជាការិយាល័យ​ប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន”។ ក្នុងសេចក្តីថ្លែងការណ៍ មន្រ្តីនេះមិនត្រូវបានបញ្ជាក់ឈ្មោះជា​សាធារណៈនោះទេ គ្រាន់តែដឹងថាគាត់គឺជាអនុរដ្ឋមន្រ្តីអ៊ុយក្រែន ទទួលបន្ទុកចាត់ចែងហេដ្ឋារចនា​សម្ព័ន្ធក្នុងគ្រាសង្រ្គាម។ សេចក្តីថ្លែងការណ៍បានចោទប្រកាន់មន្រ្តីរូបនេះ ថាបានកិបកេងលុយប្រហែល​៤០ម៉ឺនដុល្លារអាម៉េរិក តាមរយៈការនាំចូលម៉ាស៊ីនភ្លើងពីបរទេសមកកាន់អ៊ុយក្រែន។ ស្ថិតក្រោមការ​ឃាត់ខ្លួន និងដំណើរការច្បាប់ ការកាត់ទោសមិនទាន់ត្រូវបានបង្ហាញនោះទេ។

ជាការក្រើនរំលឹកទៅកាន់មន្រ្តីថ្នាក់ក្រោមដទៃទៀត លោកស្គីបាននិយាយក្តែងៗថា “​ខ្ញុំ​ចង់​ឲ្យ​នេះ​ជា​សញ្ញា​របស់​យើង​ចំពោះ​អ្នក​ទាំង​អស់​ផ្សេងទៀតឲ្យដឹងថា ការធ្វើសកម្មភាព ​ឬ​អាកប្បកិរិយា​បំពាន​គោលការណ៍​យុត្តិធម៌ នឹងទទួលលទ្ធផលយ៉ាងណា”។ លោកស្គីបន្ថែមថា លោកដឹងឮគ្រប់រឿង​ទាំងអស់គេចមិនរួចឡើយ ទោះបីឥឡូវនេះ ការផ្តោតសំខាន់បំផុតគឺទៅលើវិស័យការពារជាតិ គោលនយោបាយការបរទេស និងសង្រ្គាមជាត្រីមុខក៏ដោយ៕

ប្រភព៖ Dailymail

ប្រភពរូប៖Dailymail
ប្រែសម្រួល៖សុខ តុលា