អន្តរជាតិ

អេស្តូនីផ្តល់កាំភ្លើងធំ ១៥៥មិលី្លម៉ែត្ររបស់ខ្លួនទាំងអស់ទៅអ៊ុយក្រែន

រីឯប្រទេសអេស្តូនីនៅដើមសប្តាហ៍នេះ បានប្រកាសសុខចិត្តផ្តល់កាំភ្លើងធំ១៥៥មិលី្លម៉ែត្រ​ទាំងអស់របស់ខ្លួន រួមទាំងកាំភ្លើងធំ១២២មិលី្លម៉ែត្រ និងគ្រាប់រំសេវរាប់ពាន់គ្រាប់ទៅឲ្យអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតអេស្តូនីប្រចាំអ៊ុយក្រែន Kaimo Kuusk ត្រូវបានប្រភពកាសែតប្រាវដាអឺរ៉ុបចុះផ្សាយថា ការធ្វើបែបនេះ គឺដោយសារប្រទេសអេស្តូនីចង់សម្ដែងនូវការប្តេជ្ញាចិត្តចូលរួមចលនាប្រឆាំងផ្តួល​ការឈ្លានពានរបស់រុស្ស៊ីមកលើរដ្ឋឯករាជ្យអ៊ុយក្រែន។ លោក Kaimo ជាមន្រ្តីទូតតំណាងអេស្តូនី​បាននិយាយដោយផ្ទាល់មាត់ថា “យើងកំពុងផ្តល់កាំភ្លើងធំផ្លោង155mm របស់យើងទាំងអស់ទៅឱ្យ​អ៊ុយក្រែន។ ហើយយើងចង់កំណត់គំរូមួយ ដើម្បីកុំឱ្យប្រទេសផ្សេងទៀតមានលេសថាហេតុអ្វី​បានជាពួកគេមិនអាចផ្តល់ឱ្យអ៊ុយក្រែននូវអាវុធចាំបាច់ដើម្បីឈ្នះសង្គ្រាមនេះ” ។ ឯកអគ្គរដ្ឋទូត​បានប្រកាសបញ្ជីអាវុធដែលស្របនឹងព័ត៌មានដែលបានផ្សព្វផ្សាយពីមុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្តូនី៖ រួមមានលម្អិតកំាភ្លើងផ្លោងប្រភេទ 155mm FH-70 ច្រើនគ្រឿង និងកាំភ្លើងធំ 122mm D-30 និងគ្រាប់រំសេវសម្រាប់ប្រព័ន្ធនេះរាប់ពាន់គ្រឿង, ប្រព័ន្ធប្រឆាំងរថក្រោះ M2 Carl-Gustaf រាប់រយគ្រឿងជាមួយគ្រាប់រំសេវ  និងឧបករណ៍ជំនួយសម្រាប់អង្គភាពកាំភ្លើងធំផ្សេងៗទៀត។

ចាប់តាំងពីមានសង្រ្គាមមក អេស្តូនីជាប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែនមួយដ៏សំខាន់ក្នុងចំណោមមិត្ត​លោកខាងលិច​ដែលបានយល់ព្រមជួយផ្តល់ជំនួយយោធា។ ជំនួយអេស្តូនីទាំងចាស់ និងថ្មីគឺបាន​កើនឡើងច្រើនជាងទំហំនៃផលិតផលក្នុងស្រុកសរុបហៅកាត់ (GDP) របស់ខ្លួនរួចស្រេចទៅហើយ៕

ប្រភព៖ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា