សន្ដិសុខសង្គម

រថយន្តហ៊ីយ៉ាន់ដាយវ៉ាជែងកៀររថយន្ដឡិចស៊ីសឱ្យក្រឡាប់របួសធ្ងន់៣នាក់

ព្រះសីហនុ៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបើកវ៉ាជែងយ៉ាងលឿនកៀររថយន្ដឡិចស៊ីស RX300 បណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់មានមនុស្សរងរបួសធ្ងន់៣នាក់។គ្រោះថ្នាក់ចរាចរនោះបានកើតឡើង​នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា។

មន្ត្រីនគរបាលបានឱ្យដឹងថា​ មុនហេតុការណ៍កើតឡើង មានរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ 2BS-4217 បើកពីខេត្តព្រះសីហនុទៅភ្នំពេញ។មកដល់កន្លែងខាងលើបានវ៉ាជែង រថយន្ដម៉ាកឡិចស៊ីស RX300 ផ្លាកលេខភ្នំពេញ 2I-4294 មានស្រីប្រុសរួមដំណើរចំនួន៣នាក់បណ្តាលឱ្យក្រឡាប់។

អ្នករងរបួសឈ្មោះសំរិទ្ធ ភ័ណ្ឌ អាយុ៣១ឆ្នាំ ធ្វើការក្នុងកាស៊ីណូ ស្នាក់នៅខេត្តព្រះសីហនុ​ឈ្មោះឡែនទ្រី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិអូរ៣ ខេត្តព្រះសីហនុ និងឈ្មោះ ស៊ីមសាឃ័រ អាយុ២៦ឆ្នាំ នៅភូមិគោកត្នោត ឃុំគោកចក់ ខេត្តសៀមរាប។ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿង​មិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់អស់៕ដោយ៖វិចិត្រ