សន្ដិសុខសង្គម

ដាក់គុកមេតុងទីនករណីឆបោក និងចេញសែកស្អុយរាប់សិបម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា បានឃុំខ្លួនមេតុងទីនម្នាក់ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ករណីឆបោកនិងចេញសែកស្អុយរាប់សិបម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមករា កម្លាំងនគរបាលក្រសួងមហាផ្ទៃ​បានឃាត់ខ្លួន​មេតុងទីនម្នាក់និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកនិងប្រើប្រាស់មូលប្បទានបត្រ​គ្មានសាច់ប្រាក់​រាប់សិប​ម៉ឺនដុល្លារ។ជនសង្ស័យមានឈ្មោះឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ នៅសង្កាត់​បឹងកេងកង៣ ខណ្ឌបឹងកេងកង ។

ការចាប់ខ្លួនមេតុងទីនខាងលើធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ ដោយយោងទៅលើ​បណ្តឹងឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិ។បណ្តឹងបានបញ្ជាក់ថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះដោយសារមេតុងទីន២នាក់ប្តីប្រពន្ធរូបនេះបានវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត២លានដុល្លារឯណោះ។កូនតុងទីនដែលរងគ្រោះទាំងអស់នោះ​កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន​បន្តបន្ទាប់ទៀត៕ដោយ៖វិចិត្រ