សន្ដិសុខសង្គម

ឃាត់ខ្លួនក្មេងស្រីសិស្សសាលា៩នាក់ ករណីវាយតប់គ្នាផ្អើលភូមិ

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនក្មេងស្រីៗសិស្សសាលាចំនួន៩នាក់​បន្ទាប់ពីពួកគេបានវាយតប់គ្នាយ៉ាងសាហាវ បង្ករបួសស្នាមនិងភ្ញាក់ផ្អើលក្នុងភូមិ។

នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅព្រឹកថ្ងៃ២៤ ខែមករានេះថា កាលពីម្សិលមិញ មានក្រុមក្មេងស្រីៗទំនើង២ក្រុមបានប្រើហិង្សាវាយតប់គ្នាបង្ករបួសស្នាមនិងភាពអនាធិបតេយ្យក្នុងវត្តត្រពាំងក្រឡឹង ភូមិក្រាំងខ្ជាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចុះឃាត់ខ្លួនបាន៩នាក់។ពួកគេជាសិស្សសាលាវិទ្យាល័យហ៊ុនសែនភ្នំស្រួច នៅភូមិ ឃុំ​ខាងលើ។

បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរ ក្មេងស្រីៗទាំង៩នាក់បានឆ្លើយថា ពួកខ្លួនពិតជាបាន​វាយតប់គ្នាពិតមែន ព្រោះតែមកពីមានទំនាស់ពាក្យសម្តីនិងឌឺដងដាក់គ្នា។ក្រោយមកសមត្ថកិច្ច​បានកសាងសំណុំរឿងបញ្ជូនក្រុមក្មេងទំនើងទាំង៩នាក់នោះតាមនីតិវិធី៕ដោយ៖វិចិត្រ