សេដ្ឋកិច្ច

ក្រសួង​សេដ្ឋកិច្ច​បញ្ចេញ​ថវិកា​២​លាន​ដុល្លារ​សម្រាប់​ជួយ​កែលម្អ​ផ្លូវ​៦៨​គីឡូម៉ែត្រ ពី​ខេត្តសៀមរាប​ទៅ​ឧ​ត្ត​រ​មានជ័យ​

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ផ្តល់​ថវិកា​ប្រមាណ​២​លាន​ដុល្លារ សម្រាប់​ជួយ​កែលម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូម៉ែត្រ ពី​ខេត្តសៀមរាប ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល​រវាង​ភូមិសាស្ត្រ​ខេត្ត​ទាំងពីរ​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការអនុវត្ត​គម្រោង​កែលម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូម៉ែត្រ ពី​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ទៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ នាពេល​ថ្មីៗ​នេះ​លោក ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា ផ្លូវ​មួយ​ខ្សែ​ប្រវែង ៦៨​គីឡូម៉ែត្រ​នេះ គឺ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ក្នុងនោះ​មាន​គម្រោង​ស្ថាបនា​ផ្លូវ DBST ឆ្លងកាត់​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ​ទៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប មាន​ប្រវែង​៤១​គីឡូម៉ែត្រ និង​ភូមិ​ទំនប់​ថ្មី ទៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រវែង​២៧​គីឡូម៉ែត្រ​។​

​លោក​បាន​បញ្ជាក់ដែរថា ផ្លូវ​មួយ​ខ្សែ​នេះ កន្លងមក​បានផ្តល់​អ​ត្ថ​ប្រយោជន៍​ដល់​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងការ​ដឹកជញ្ជូន​ក​សិ​ផល​របស់​ប្រជាកសិករ​ទៅកាន់​ទីផ្សារ និង​ប្រើ​ពេលវេលា​ខ្លី​ឆ្ពោះទៅកាន់​ច្រកព្រំដែន​ទៀតផង​។ ម្យ៉ាងទៀត​ផ្លូវ​នេះដែរ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ជួយ​សម្រួល​នូវ​ភាពងាយស្រួល​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​ទាំងពីរ​ផងដែរ​។​

​លោក ទៀ សីហា ក៏បាន​លើកឡើង​ដែរ​ថា សក្តានុពល​របស់​ខេត្ត​មាន​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ប្រមុខ​រាជរដ្ឋាភិបាល​បានផ្តល់​ថវិកា ក្នុងការ​ស្ថាបនា​ផ្លូវ ក្នុង​គោលដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​វិញ​។ លោក​បញ្ជាក់ថា គម្រោង​ស្ថាបនា​ផ្លូវថ្នល់​នេះ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ផងដែរ​៕ដោយៈសិរីមតី