អន្តរជាតិ

អ៊ីរ៉ង់មិនសុខចិត្តប្រញាប់កោះហៅទីក្រុងសេអ៊ូលមកបកស្រាយ ក្រោយថាខ្លួនជាសត្រូវធំរបស់អារ៉ាប់រួម

រដ្ឋាភិបាលអ៊ីរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ បានកោះហៅភាគីកូរ៉េខាងត្បូងឲ្យចូលខ្លួនមក​បកស្រាយឲ្យបានច្បាស់លាស់ជុំវិញការមាក់ងាយ ហៅខ្លួនថាជាសត្រូវធំបំផុតរបស់អារ៉ាប់រួម។

ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Reza Najafi បានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ភា្លមៗតែម្តងបន្ទាប់ពីការលើក​ឡើង​មិនប្រក្រតីរបស់ប្រធានាធិបតី Yoon Suk-yeol ក្នុងពេលបំពេញទស្សនកិច្ចកងកម្លាំងឈរជើងនៅទីក្រុង Abu Dhabi អារ៉ាប់រួមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រធានាធិបតី Yoon បានលើកឡើងថា អារ៉ាប់រួមជា “ប្រទេសបងប្អូន” របស់កូរ៉េខាងត្បូងដែលចងភ្ជាប់ដោយការរីកលូតលាស់នៃកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងយោធា។ សត្រូវរបស់អារ៉ាប់រួម UAE ដែលបានគំរាមកំហែងបំផុតគឺអ៊ីរ៉ង់ ហើយសត្រូវរបស់យើងវិញគឺកូរ៉េខាងជើង” ។

តាមរយៈវោហារសាស្រ្តនេះ លោក Najafi បានចោទប្រកាន់ទីក្រុងសេអ៊ូលថាបានបន្ត “វិធីសាស្រ្តមិនរាក់ទាក់” មកកាន់ប្រទេសអ៊ីរ៉ង់ បានទាមទារមូលនិធិបង្កកទុកចំនួន ៧ ពាន់លានដុល្លារនៅក្នុងធនាគារកូរ៉េខាងត្បូងមកវិញ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់កូរ៉េខាងត្បូង លោក Cho Hyun-dong បានទូរសព្ទទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ Saeed Badamchi Shabestari ដើម្បីពន្យល់ពី​គោលជំហររបស់ទីក្រុងសេអ៊ូល “ជាថ្មីម្តងទៀត”។ បើតាមអ្នកនាំពាក្យខាងកូរ៉េបានលាងពាក្យវិញថា  កូរ៉េមិនមានចេតនាអរិភាពណាមួយជាមួយអ៊ីរ៉ង់ឡើយ មតិរបស់លោកប្រធានYoon មានគោលបំណងដើម្បីលើកទឹកចិត្តដល់កងទ័ពកូរ៉េ ដែលបម្រើភារកិច្ចរបស់ពួកគេ​នៅក្នុងអារ៉ាប់រួមប៉ុណ្ណោះ ហើយមិនមានជាប់ពាក់ព័ន្ធជាមួយទំនាក់ទំនងបរទេសរបស់អ៊ីរ៉ង់ រួមទាំងទំនាក់ទំនងកូរ៉េខាងត្បូង-អ៊ីរ៉ង់ឡើយ”។ សម្រង់សម្ដី  “ឆន្ទៈរបស់រដ្ឋាភិបាលយើងក្នុងការ​អភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅតែមិនផ្លាស់ប្តូរ”៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា