អន្តរជាតិ

វិមានក្រឹមឡាំងជំរុញឱ្យអ៊ុយក្រែនទទួលយកការទាមទាររបស់រុស្ស៊ីឲ្យបានឆាប់ដើម្បីអាចបញ្ចប់សង្គ្រាម

វិមានក្រឹមឡាំងចេញមុខជាថ្មីជំរុញឲ្យអ៊ុយក្រែនឆាប់ទទួលយកការទាមទាររបស់រុស្ស៊ី ដើម្បីអាចបាន​បញ្ចប់​សង្រ្គាម, បញ្ចប់ការកាប់សម្លាប់។

នេះដោយយោងតាមសារថ្មីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅចុងសប្តាហ៍​នេះ។ Peskov បានពាំនាំពាក្យសម្ដីមកថា អ៊ុយក្រែនគួរតែឆាប់យល់ព្រមទទួលយកនូវការទាមទាររបស់​ទីក្រុងមូស្គូដែលបានដាក់ចេញជាយូរមកហើយនោះ ដើម្បីការបញ្ចប់សង្រ្គាមអាចធ្វើឡើងទៅដោយ​ឆាប់រហ័ស។ ការទាមទារនោះ គឺបានដាក់ទៅលើទឹកដីអ៊ុយក្រែននៅភាគខាងកើត និងខាងត្បូង ដោយគ្រាន់តែផ្តល់វាមកឲ្យជាកម្មសិទ្ធិរបស់រុស្ស៊ី។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា បើមិនដូច្នេះទេ ប្រទេសរុស្ស៊ីនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន​តាម​រយៈមធ្យោបាយផ្សេងទៀត ព្រោះរុស្ស៊ីមានវិធីច្រើនលើសពីមួយ។ និយាយជាចុងក្រោយទៅកាន់​សារព័ត៌មាន បើអ៊ុយក្រែនទទួលយក នោះសង្រ្គាមនឹងបញ្ចប់ភ្លាមៗ។

មិនទាន់មានការឆ្លើយតបថ្មីពីអ៊ុយក្រែនទេ តែអ៊ុយក្រែន​បាន​សន្យា​ហើយថា នឹងប្រយុទ្ធ​រហូត​ដល់​រុស្ស៊ី​ដក​ទ័ព​ទាំងអស់​ចេញ​ពី​ប្រទេសរបស់ខ្លួន ស៊ូមិនឲ្យបាត់បង់ទឹកដីមួយដុំណាឡើយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា