អន្តរជាតិ

មេដឹកនាំ Chechenរិះគន់រឿងហាមប្រាមទាហានរុស្ស៊ីមិនឲ្យមានពុកចង្កា

មេដឹកនាំឆេឆេន មនុស្សដ៏មានឥទ្ធិពលជំនិតរបស់ប្រធានាធិបតីពូទីន បានចេញមុខរិះគន់ទៅលើ​រដ្ឋាភិបាល​រុស្ស៊ីដែលបានដាក់ចេញការហាមប្រាមទាហានមិនឲ្យមានពុកចង្កា។

មេដឹកនាំឆេឆេន លោក Ramzan Kadyrov បានរិះគន់យ៉ាងខ្លាំងទៅលើការហាមប្រាមនេះ តាមរយៈបណ្តាញសារតេលេក្រាមរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ទី ១៩ ខែមករា ឆ្នាំ២០២៣ ទៅលើច្បាប់វិន័យទ័ពរបស់រដ្ឋាភិបាលរុស្ស៊ី ពិសេសក្រោយពេលដែលឧត្តមសេនីយ៍ឯកចូលនិវត្តន៍រុស្ស៊ី និងជាសមាជិកសភារុស្ស៊ី លោក Viktor Sobolev  បានចេញការពារបញ្ជាក់បន្ថែមពីលើការ​ហាមប្រាមលើច្បាប់មិនឲ្យមានពុកចង្កា ស្មាតហ្វូនផ្ទាល់ខ្លួន និងថេប្លេតសម្រាប់យោធា ថាជា “ផ្នែកបឋមនៃវិន័យយោធា”កាលពីថ្ងៃ​ ពុធ។

Kadyrov បានហៅការអត្ថាធិប្បាយរបស់ Sobolev ថាជា “ការបង្កហេតុយ៉ាងច្បាស់លាស់” ហើយផ្តល់ហេតុផលថា ទាហានមូស្លីមរបស់គាត់ភាគច្រើនមានពុកចង្កា ព្រោះវាជាផ្នែកនៃកាតព្វកិច្ចសាសនារបស់ពួកគេ។ Kadyrov បាននិយាយវាយប្រហារ Sobolev យ៉ាងដូច្នេះថា “ជាក់ស្តែង ឧត្តមសេនីយ៍ឯក Viktor Sobolev មានពេលទំនេរច្រើន គាត់មិនមានអ្វីដែលត្រូវធ្វើក្រៅតែពីការអានក្រមសីលធម៌យោធាឡើងវិញដដែលៗ”។

Kadyrov គឺជាមនុស្សដែលពូទីនជឿជាក់ និងបង្ហាញភាពស្និទ្ធស្នាល ហើយក៏ជាមនុស្សដែលមាន​សម្ព័ន្ធភាពស្ងប់ស្ងាត់ជាមួយប្រធានក្រុមទាហានស៊ីឈ្នួលស្វ័យភាពលោក Prigozhinផងដែរ។ ទំាង Kadyrov និងPrigozhin សុទ្ធតែធ្លាប់រិះគន់ទៅលើកម្សោយនៃការដឹកនាំយោធារុនៅអ៊ុយក្រែន​ចុងឆ្នាំ២០២២កន្លងទៅនេះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា