សេដ្ឋកិច្ច

មន្ទីរពេទ្យ​ជាតិ «​តេ​ជោ​សន្តិភាព​» មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​ជិត​១​ម៉ឺន​នាក់​

ភ្នំពេញ​៖ មន្ទីរពេទ្យ​ជាតិ «​តេ​ជោ​សន្តិភាព​» ដែលជា​មន្ទីរពេទ្យ​ផ្តួចផ្តើម​បង្កើតឡើង​ក្រោម​គំនិត​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ត្រៀម​ឆ្លើយតប នឹង​ជំងឺ​រាតត្បាត​ផ្សេងៗ មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​ជិត​១​ម៉ឺន​នាក់​។​

​មន្ទីរពេទ្យ​ជាតិ «​តេ​ជោ​សន្តិភាព​» បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២២លើ​ផ្ទៃដី​ប្រមាណ៧.៥៨​ហិកតា ហើយ​គ្រោង​បញ្ចប់​ការសាងសង់ និង​បំពាក់​បរិក្ខារ​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២៣​។ មន្ទីរពេទ្យ​ជាតិ​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៊ី​ស៊ី CJEC.co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។​

​មន្ទីរពេទ្យ​ជាតិ​នេះ​នឹង​ដើរតួនាទី​គាំពារ​យ៉ាងសំខាន់ លើ​សុខមាលភាព​ប្រជាពលរដ្ឋ មាន​អគារ​សរុប​ចំនួន​១១​អគារ រួមមាន​៖ អគារ​រដ្ឋបាល អគារ​អន្តេវាសិកដ្ឋាន អគារ​ព្យាបាល និង​សង្គ្រោះបន្ទាន់ អគារ​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់​មាន​មួយ​អគារ​អគារ​សម្រាក​ព្យាបាល​ជំងឺ​ស្រាល​មាន ៥​អគារ អគារ​បច្ចេកទេស និង​អគារ​បច្ចេកទេស ។ បន្ថែម​ពីលើ​នោះ​ក៏មាន​ចំណត​យានយន្ត​អាច​ផ្ទុក​រថយន្ត ២៨៥​គ្រឿង និង​ម៉ូតូ ៥៤០​គ្រឿង មាន​សួនច្បារ​បៃតង​ជិត ៦​ពាន់​ម៉ែត្រក្រឡា​។​

​មន្ទីរពេទ្យ​ជាតិ​នេះ មាន​គ្រែ​សរុប​ទាំងអស់​ចំនួន ៩,៤៩៦​គ្រែ​។ ក្នុងនោះ គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​មាន​ចំនួន​សរុប ៩,២៤៤​គ្រែ គ្រែ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ៤៦​គ្រែ និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​ចំនួន ២០៦​គ្រែ​៕ដោយៈផាវី