សន្ដិសុខសង្គម

បុរសម្នាក់ត្រូវចោរដកកាំភ្លើងវាយក្បាលរយះ ហូរឈាមប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ​៖បុរសម្នាក់កំពុងឌុបស្រីស្នេហ៍បំណងចូលផ្ទះសំណាក់ តែជួបក្រុមចោរ៤នាក់ជិះម៉ូតូ២គ្រឿង​បានដកកាំភ្លើងវ៉ៃក្បាលឱ្យរយះហូរឈាមរួចប្លន់យកម៉ូតូនិងទូរសព្ទជិះគេចខ្លួនបាត់។ករណីនេះបានកើតឡើងនៅត្រង់ដីឡូត៍មួយក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​កាលពីម៉ោង៥ភ្លឺ ថ្ងៃទី២០ ខែមករា។

នគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះផុត សុផាត អាយុ២៧ឆ្នាំ ជាជាងបាញ់ថ្នាំឡាន ស្នាក់នៅជិតវត្តស្លែង ផ្លូវជាតិលេខ៣ កន្លែងកំណើតស្រុកទ្រាំង ខេត្តតាកែវ។ចំណែកស្ត្រីគូស្នេហ៍អាយុ២៩ឆ្នាំ ធ្វើការនៅហាងខារាអូខេ ស្នាក់នៅទួលពង្រ ជិតកន្លែងកើតហេតុស្រុក​កំណើតខេត្តស្វាយរៀង។​ម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាឌ្រីម​ផ្លាកលេខតាកែវ 7842។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងពួកគាត់២នាក់បានចេញពីក្លិបវីតណាយ ជិះម៉ូតូតាមផ្លូវទួលពង្របំណងចូលដេកផ្ទះសំណាក់។មកដល់កន្លែងខាងលើស្រាប់តែមាន​ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង​មកពីក្រោយកៀរម៉ូតូខ្លួនឱ្យដួល ហើយក៏ដកកាំភ្លើងខ្លីវ៉ៃក្បាលបណ្ដាលឱ្យរយះហូរឈាមរួចយកទូរសព្ទនិងម៉ូតូជិះទៅបាត់។

ក្រោយមកនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះដល់កន្លែងកើតហេតុ​ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​ដើម្បីសមត្ថកិច្ចស្រាវជ្រាវចាប់ក្រុមចោរទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់​៕ដោយ៖វិចិត្រ​