សន្ដិសុខសង្គម

បញ្ជូននាយកក្រុមហ៊ុនករណីចេញសែកស្អុយ ២៦ម៉ឺនដុល្លារទៅតុលាការ

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២០ ខែមករានេះ សមត្ថកិច្ចបានបញ្ជូនខ្លួននាយកក្រុមហ៊ុន“ធីមប៊ីមេធខេមបូឌា”ចេញសែកស្អុយចំនួន២៦ម៉ឺនដុល្លារទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ កាល់ម៉ែត អាយុ៣៧ឆ្នាំ នៅបុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ ជានាយកក្រុមហ៊ុនធីមប៊ីមេធ ខេមបូឌា។

កម្លាំងនគរបាលបានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការភ្នំពេញលើឈ្មោះ ពៅ កាល់ម៉ែត បន្ទាប់ពីមានបណ្ដឹងរបស់ឈ្មោះសេង សុធារ៉ា ភេទស្រី ដែលមានមេធាវី លឹម លីណាំ ជាតំណាង។បណ្តឹងចូលមកសមត្ថកិច្ចពាក់ព័ន្ធករណីឈ្មោះ ពៅ កាល់ម៉ែត ជំពាក់ប្រាក់ចំនួន២៦៦.៣០០ដុល្លារ ហើយចេញសែកមួយសន្លឹកសងមកវិញតែសែកនោះគ្មានប្រាក់ទេ។

យោងតាមបណ្ដឹងរបស់មេធាវីម្ចាស់បំណុលបានបញ្ជាក់ថា កាលពីឆ្នាំ២០២១ ឈ្មោះពៅកាល់ម៉ែត បានមកខ្ចីប្រាក់ពីកូនក្ដីរបស់ខ្លួនចំនួន២៦៦.៣០០ដុល្លារ។លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ ពៅ កាល់ម៉ែត បានចេញមូលប្បទានបត្របស់ធនាគារអភិវឌ្ឍអាស៊ីចំកាត់ មានលេខ៥១៥៥៥០ ចុះថ្ងៃទី ២៧កញ្ញាឆ្នាំ២០២២ មានទឹកប្រាក់ចំនួន២៦៦.៣០០ដុល្លារប្រគល់មកឱ្យ ឈ្មោះសេង សុធារ៉ាលើបំណុលដែលបានខ្ចី ។លុះថ្ងៃទៅបើកប្រាក់ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះគ្មានលុយទេ ទើបម្ចាស់បំណុលសម្រេចប្ដឹងតែម្ដង៕ដោយ៖វិចិត្រ