សន្ដិសុខសង្គម

នាំស្រី្តមេតុងទីនមកសាកសួររឿងថ្មី មួយទៀតករណីឆបោក

ភ្នំពេញ៖ តុលាការភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមករា បានបង្គាប់ឱ្យមន្ត្រីពន្ធនាគារព្រៃសម២ នាំខ្លួនស្ត្រី ជាប់ចោទជាមេតុងទីនដ៏ល្បីល្បាញមកសាកសួររឿងថ្មីមួយទៀតករណីឆបោក។

សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកឡើងថា ចៅក្រមស៊ើបសួរតុលាការភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានឃុំខ្លួនស្ត្រីត្រូវចោទឈ្មោះអឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទចេញមូលប្បទានបត្រអត់សាច់ប្រាក់ គឺជាសែកស្អុយប្រមាណ៣៦៥.០០០ដុល្លារ។

ប្រភពដដែលបានបន្តថា ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា អាយុ២៧ ឆ្នាំ ជាអ្នករកស៊ីនៅបុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានជាប់ពាក់ពន្ធលើពាក្យបណ្តឹងចំនួន​២ជាបទល្មើសព្រហ្មទណ្ឌ​ករណីចេញសែកស្អុយស្មើទឹកប្រាក់ប្រមាណ​៣៦៥.០០០ដុល្លារ។

បណ្តឹងទី១-ឈ្មោះអឿន ម៉ូលីកា បានចេញមូលប្បទានបត្រអត់សាច់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ ឱ្យឈ្មោះសម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងបណ្តឹងទី២-ឈ្មោះអឿន ម៉ូលីកាបានចេញមូលប្បទានបត្រអត់សាច់ប្រាក់ឱ្យឈ្មោះទី ចាន់នូ ចំនួន៦៥.០០០ដុល្លារ ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយបានអះអាងថា ខ្ចីមិនដល់មួយខែទេនឹងប្រគល់ប្រាក់វិញគ្រប់ចំនួន ទីបំផុតក៏ចេញសែកស្អុយ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថបានឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការភ្នំពេញលេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២   ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញនាពេលកន្លងមក៕ដោយ៖វិចិត្រ