សន្ដិសុខសង្គម

ឃុំបុរសម្នាក់ពីបទប្រមូលលុយពីពលរដ្ឋរត់ការរំលោភយកដីរដ្ឋ

តាកែវ៖តុលាការខេត្តតាកែវ បានឃុំខ្លួនជនសង្ស័យម្នាក់ចោទពីបទ“ឆបោកនិងញុះញង់”ក្រោយដើរប្រមូលលុយពីប្រជាពលរដ្ឋរឿងរត់ការរំលោភយកដីព្រៃរបស់រដ្ឋ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ករណីដើរប្រមូលលុយពីពលរដ្ឋរត់ការឱ្យរំលោភយកដីរដ្ឋនៅជើងភ្នំដំរីរមៀល ។

ជនសង្ស័យឈ្មោះ ឆៃ វុទ្ធី ហៅ វ៉ិត អាយុ៥៣ឆ្នាំ នៅភូមិ ឃុំខាងលើ ជាប់ចោទពីបទឆបោកនិងញុះញង់ ដែលបានប្រព្រឹត្តនៅភូមិត្រពាំងជ្រៃ និងភូមិត្រពាំងកោះ ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៣២/២០២៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែ ដោយបានសម្រេចចោទកាលពីថ្ងៃទី១៨ ខែមករានេះ បទល្មើសដែលមានចែងតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក ស៊ឹម ឡាប៉័ង ប្រធានខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានប្រាប់សារព័ត៌មានឱ្យដឹងថា តំបន់ដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូងនោះនៅតាមជើងភ្នំដំរីរមៀល កន្លងមកមាន​ជនខិលខូចមួយចំនួនបានចូលកាប់ទន្រ្ទានយកដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ៕ដោយ៖វិចិត្រ