សេដ្ឋកិច្ច

កម្ពុជា មានអង្គភាព​សេដ្ឋកិច្ច​​ជាង ៧៥​ម៉ឺន​ទីតាំងនៅ​ឆ្នាំ​២០២២

​ភ្នំពេញ​៖​របាយការណ៍​លទ្ធផល​បឋម​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០២២ ដែ​លបានមកពី​ការធ្វើជំរឿន​សេដ្ឋកិច្ច ស្ថិតក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានបង្ហាញ​លទ្ធផល​ថា អង្គភាព​សេដ្ឋកិច្ច​មាន​ចំនួន​សរុប ៧៥៣,៦៧០​ទីតាំងនៅ​ឆ្នាំ​២០២២ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​កម្ពុជា​។​

​ចំនួន​អង្គភាព​សេដ្ឋកិច្ច​បាន​កើន​ទ្បើង​ប្រមាណ​ជាង ១,៤​ភាគរយ បើ​ធៀប​នឹង​លទ្ធផល​ចុងក្រោយ នៃ​ការធ្វើ​បញ្ជី​អង្គភាព​សេដ្ឋកិច្ច​ទូទាំងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២១(​មាន​ចំនួន​ត្រឹមតែ ៧៤២,៩៤០ អង្គភាព​សេដ្ឋកិច្ច​​។​

​ដោយ​ទ្បែ​ក​ចំនួន​អង្គភាព​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២២ បាន​កើន​ទ្បើង​ប្រមាណ​ជាង​៤៧​ភាគរយ បើ​ធៀប​ទៅនឹង​លទ្ធផល​ជំរឿន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១១ (​មាន​ចំនួន​៥០៥,១៣៤ អង្គភាព​សេដ្ឋកិច្ច​) ហើយនឹង​បាន​កើន​ទ្បើង​ប្រមាណ​ជាង ៤៥​ភាគរយ បើ​ធៀប​ទៅនឹង​លទ្ធផល​នៃ​ទិន្នន័យ​អង្កេត​ចន្លោះ​ជំរឿន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៤​។ ការ​កើន​ទ្បើង​នេះ​បង្ហាញឱ្យឃើញ​អំពី​ការប្រែប្រួល​រចនាសម្ព័ន្ធ​កំណើនសេដ្ឋកិច្ច​និង​ប្រជាជន​និង​ភូមិសាស្ត្រ​រដ្ឋបាល​គ្រប់គ្រង​នៅ​ថ្នាក់មូលដ្ឋាន​(​ភូមិ​ឃុំ​/​សង្កាត់​)​នៅតាម​រាជធានី​ខេត្ត ដែលមាន​ប្រជាជន​សរុប​បាន​កើន​ទ្បើង​ជាង ១៦,៨​លាន​នាក់ នៅ​ឆ្នាំ​២០១៩​។​

​ចំពោះ​លទ្ធផល​ចុងក្រោយ ក្រសួងផែនការ នឹង​គ្រោង​ធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងអំឡុង​ខែឧសភា ឬ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ​៕​ដោយៈសិរីមតី