អន្តរជាតិ

អាល្លឺម៉ង់នឹងបញ្ជូនរថក្រោះLEOPARDទៅអ៊ុយក្រែន លុះត្រាតែអាម៉េរិកបញ្ជូនរបស់ខ្លួនទៅមុន

រដ្ឋាភិបាលអាល្លឺម៉ង់និយាយថា ខ្លួនអាចបញ្ជូនរថក្រោះធុនធ្ងន់ LEOPARD ឬរថក្រោះខ្លារខិនទៅ​អ៊ុយក្រែន​បាន ក្នុងករណីលុះត្រាតែអាម៉េរិកហ៊ានបញ្ជូនរបស់ខ្លួនទៅជាមុនសិន។

យោងតាមប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់ទៅកាន់រ៉យទ័រ កាលពីថ្ងៃទី ១៨ ខែមករា បានឲ្យដឹងថា អាល្លឺម៉ង់នឹងអនុញ្ញាតឱ្យរថក្រោះផលិតដោយខ្លួនឯង LEOPARDអាចបញ្ជូនទៅកាន់អ៊ុយក្រែន ដើម្បីចូលរួមជួយដល់អ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ក៏ប៉ុន្តែលក្ខខណ្ឌត្រូវបានស្នើឡើង​ទៅកាន់ភាគីសហរដ្ឋអាម៉េរិកជាមុន។ មន្រ្តីជាន់ខ្ពស់ទីក្រុងប៊ែរឡាំងរូបនេះ បាននិយាយដោយសុំមិន​បញ្ចេញឈ្មោះថា អាល្លឺម៉ង់ធ្វើបាន ដរាបណាអាម៉េរិកហ៊ានបញ្ជូនរថក្រោះធុនធ្ងន់របស់ខ្លួនទៅជាមុន។

មិនទាន់មានការឆ្លើយតបពីសំណាក់ទីក្រុងវ៉ាស៊ីនតោនលើរឿងនេះទេ ខណៈដែល   សម្ព័ន្ធមិត្តលោកខាងលិចនឹងត្រូវជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសអាម៉េរិកក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាឲ្យបានជ្រះស្រឡះលើជំនួយអ៊ុយក្រែន។ ការយកចិត្តទុកដាក់គឺផ្តោតជាពិសេសទៅលើប្រទេសអាល្លឺម៉ង់ ព្រោះអាល្លឺម៉ង់ជាម្ចាស់​ប្រទេសដែលផលិតរថក្រោះ Leopard បំពាក់ដោយកងទ័ពសម្ព័ន្ធមិត្តណាតូនៅទូទាំងទ្វីបអឺរ៉ុប ហើយត្រូវបានគេមើលឃើញថាស័ក្ដិសមបំផុតសម្រាប់អ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា