អន្តរជាតិ

អង្គការសហប្រជាជាតិ៖ គ្មានតម្រុយពី កិច្ចចរចាបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនទេ

អង្គការសហប្រជាជាតិផ្តល់ដំណឹងថា មិនមានតម្រុយថ្មីណាមួយពីកិច្ចចរចាបញ្ចប់សង្រ្គាម រវាងរុស្ស៊ីនិងអ៊ុយក្រែនទេ ខណៈដែលសង្រ្គាមបានអូសបន្លាយអស់ពេលជិត១ឆ្នាំ។

តាមសម្រង់សម្ដីដោយអាល់ចាហ្សេរ៉ា កាលពីថ្ងៃពុធ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា តម្រុយវិសាលភាពសម្រាប់ការចរចាដ៏មានអត្ថន័យរវាងអ៊ុយក្រែននិង រុស្ស៊ីនៅពេលនេះទេ គឺពិតជាមិនត្រូវបានមើលឃើញទាល់តែសោះ ហើយវាក៏ទំនងជានឹងមិនកើតឡើងក្នុងពេលអនាគត នោះដែរ។ “ពេលនេះបើយើងមើលពី​អ្នកតំណាង​របស់​អ៊ុយក្រែន​និង​សហព័ន្ធ​រុស្ស៊ី ពួកគេសុទ្ធតែប្រឆាំង​ទាំង​ស្រុង។ ដូច្នេះការចរចានៅពេលនេះ ហាក់ដូចជាមិនអាចទៅរួចនោះទេ”។

ប្រធានអង្គការសហប្រជាជាតិរូបនេះបានបន្តថា បើទោះបីភាគីទាំងពីរពិបាកអូសទាញខ្លាំងចូល មកកាន់ការចរចាយ៉ាងណាក្តី តែលោកសង្ឃឹមថា ពេលវេលានឹងដោះស្រាយបញ្ហា ហើយអង្គការសហប្រជាជាតិក៏នឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងដែលមានប្រយោជន៍សម្រាប់ប្រជាជនអ៊ុយក្រែន និងពិភពលោក ដូចជាគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងការផ្លាស់ប្តូរអ្នកទោសជាដើម។ គួរជម្រាបថា ចាប់តាំងពីមានសង្រ្គាមមក អង្គការប្រជាជាតិតែងតែគិតគូរយកចិត្តទុកដាក់ ស្វែងរកដំណោះស្រាយជានិច្ច ពិសេសតែងឈរជាភាគីកណ្តាល ផ្តល់ចំណាត់ការស៊ើបអង្កេតនានាទៅលើរបាយការណ៍ ឧក្រិដ្ឋកម្មស្លាប់រង្គាលនៅអ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា