អន្តរជាតិ

ហ្សេឡិនស្គី៖ រុស្ស៊ី​កំពុង​បង្កើន​កម្លាំងបាញ់ផ្លោង និងវាយរុល​ខ្លាំង

ដោយឡែកមេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានជូនដំណឹងមកថា ស្ថានភាពនៅខ្សែបន្ទាត់​ជួរមុខតំបន់ដុនបាស នៅតែកំពុងពិបាកខ្លាំង ខណៈរុស្ស៊ីសម្រុកបាញ់ផ្លោង និងវាយរុលឥតឈប់។

នេះដោយយោងតាមសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣។ លោកស្គីថា “ថ្ងៃនេះ ដូចសព្វមួយដង យើងបានទាក់ទងជាមួយយោធារបស់យើងពេញមួយថ្ងៃ។ ស្ថានភាពនៅជួរមុខនៅតែលំបាក Donbas គឺជាចំណុចកណ្តាលនៃការប្រយុទ្ធដ៏ឃោរឃៅ និងជាមូលដ្ឋានឈរជើងដ៏សំខាន់បំផុត។ យើងកំពុងកត់សម្គាល់ការកើនឡើងបន្តិចម្តងៗ​នៃចំនួនករណីបាញ់ផ្លោង និងការប៉ុនប៉ងធ្វើសកម្មភាពវាយលុកពីសំណាក់អ្នកកាន់កាប់រុស៊្សី”។

មេដឹកនាំរូបនេះបានសម្ដែងការដឹងគុណដល់កងកម្លាំងយុទ្ធជនរបស់អ៊ុយក្រែនទាំងអស់ ដែលបានកាន់តំណែងរបស់ពួកគេបានរឹងមាំ! លោកថា “សូមអរគុណដល់អ្នកប្រយុទ្ធនៃកងពលតូច Huntsman កងពលតូចទី ៦៨ និងកងពលតូចម៉ារីនទី ៣៦ សម្រាប់ការវាយលុកសត្រូវយ៉ាងមាន​ប្រសិទ្ធភាពនិងសម្រាប់ការតស៊ូដែលយើងត្រូវការនៅក្នុងតំបន់ Donbas! ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អង្គភាព​ស៊ើបការណ៍​សម្ងាត់​នៃ​ក្រសួងការពារជាតិ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​ធ្វើ​ដើម្បី​កាត់បន្ថយ​ឱកាស​របស់​អ្នក​កាន់កាប់ផងដែរ”។

ព័ត៌មានបន្ថែម លោកស្គីមិនបានជម្រាបពីវឌ្ឍនភាពណាមួយដែលកងកម្លាំងអ៊ុយក្រែន​ចាប់យកបាននារយៈពេលចុងក្រោយនេះទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា