សន្ដិសុខសង្គម

រថយន្តបុកជាមួយគោយន្តកន្ត្រៃ បណ្តាលឱ្យ២នាក់រងរបួសធ្ងន់

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ បណ្តាលឱ្យខូចខាតយ៉ាងដំណំនិង​មនុស្សចំនួន២នាក់បានរងរបួសធ្ងន់។

នគរបាលស្រុកថ្ពងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែមករា មានគ្រោះថ្នាក់ចរាចររវាងរថយន្ត​សាំយ៉ុងបានបុកជាមួយគោយន្តកន្ត្រៃដំណើរបញ្ច្រាសគ្នាបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅលើផ្លូវលេខ៤៤ ភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មុនកើតហេតុ គោយន្តកន្ត្រៃសណ្តោងរទេះដឹកឈើបើកពីកើតទៅលិច។មកដល់កន្លែងខាងលើ​បានដាច់កង់ម្ខាង។ពេលនោះគោយន្តបានរេចង្កូតទៅបុករថយន្តមកពីមុខពេញទំហឹងបណ្តាលឱ្យ​តៃកុងរថយន្តឈ្មោះ តយ សំអាត អាយុ២៦ឆ្នាំ និងអ្នករួមដំណើរឈ្មោះខែម ឃីម អាយុ៤៦ឆ្នាំ រងរបួសធ្ងន់។

ជនរងគ្រោះទាំង២នាក់នៅភូមិដូនទិព្វ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យ។ចំណែកភាគីខាងគោយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។សមត្ថកិច្ចបានចុះយកមធ្យោបាយ​ទាំង២គ្រឿងទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ