អន្តរជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន និងមន្រ្តីជំនិត២នាក់បានធ្លាក់ឧទ្ធម្ភាគចក្រស្លាប់យ៉ាងអាណោចអាធ័ម

អ៊ុយក្រែនសម្ដែងក្តីក្រៀមក្រំជាពន់ពេក បន្ទាប់ពីបានបាត់បង់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមន្រ្តីថ្នាក់ក្រោម​សំខាន់ៗ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃពុធសប្តាហ៍នេះ។

យោងតាមប្រភពសារព័ត៌មានអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ុយក្រែនបានឲ្យដឹងដំណឹងផ្លូវការថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrsky ព្រមទាំងអនុរដ្ឋមន្ត្រីទីមួយ និងរដ្ឋលេខាធិកា​រនៃក្រសួងមហាផ្ទៃ សុទ្ធសឹងតែបានបាត់បង់ជីវិតអស់ហើយកាលពីថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅឯជាយរដ្ឋធានីគៀវ។ អាជ្ញាធរបាននិយាយថា ឧទ្ធម្ភាគចក្របានធ្លាក់នៅត្រង់ចំណុច Brovary ក្បែរអគារសាលាមតេ្តយ្យ ស្ថិតនៅមិនឆ្ងាយពីរដ្ឋធានីគៀវ ដោយបានសម្លាប់មនុស្សសរុបចំនួន១៤នាក់ រួមមានទាំងកុមារផងដែរ។ ប្រធានប៉ូលិសនៅទីក្រុងខាគៀវ ភាគឦសានអ៊ុយក្រែន លោក Volodymyr Tymoshko បាននិយាយថា ក្រុម   គណៈរដ្ឋមន្ត្រីទាំងនេះកំពុងធ្វើដំណើរទៅជួបគាត់ ហើយទើបតែបាននិយាយគ្នាកាលពីម្សិលមិញសោះ ជាអកុសលស្រាប់តែមានរឿងនេះកើតឡើង។

យ៉ាងណាក៏ដោយ ជុំវិញមូលហេតុច្បាស់លាស់ សេវាសន្តិសុខរដ្ឋ SBU បាននិយាយថា ខ្លួនកំពុងបើកប្រតិបត្តិការស៊ើបអង្កេតត្រួតពិនិត្យធ្វើកោសល្យវិច័យឲ្យបានល្អិតល្អន់ជាទីបំផុត រួមមានកម្ទេចកម្ទីឆេះ និងតម្រុយបញ្ហាបច្ចេកទេសផ្សេងទៀត ខណៈដែលអ្នកស្រុកបាននិយាយថា អាកាសធាតុនៅទីនោះមានចុះអ័ព្ទខ្លាំង ព្រមទាំងគ្មានអគ្គិសនី​បំភ្លឺនោះទេ។

ការស្លាប់របស់រដ្ឋមន្រ្តី Denys Monastyrsky អាយុ ៤២ឆ្នាំ រួមទាំងមន្រ្តីដ៏សំខាន់ៗខាងលើនេះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងគៀវហាក់ដូចជាផ្ទុះដាច់បេះដូងគ្មានពាក្យអ្វីនឹងថ្លែង ពីព្រោះពួកគេសុទ្ធតែមានភារកិច្ចសំខាន់ក្នុងការថែរក្សាសន្តិសុខ និងដំណើរការប៉ូលិសក្នុងអំឡុងពេលមានសង្រ្គាមនេះ។ ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី បានអំពាវនាវ ត្រូវតែមានការស៊ើបអង្កេត ដោយថា វាអាចជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ី មិនមែនជាឧប្បត្តិហេតុឡើយ។

ប្រធានាធិបតីអាម៉េរិកចូបៃដិន បានចូលរួមរំលែកទុក្ខ និងបានប្តេជ្ញាថាជួយអ៊ុយក្រែនឲ្យទទួលបាន​ជ័យជម្នះ​ក្នុងសង្រ្គាមជាមួយរុស្ស៊ីឲ្យបានឆាប់តាមដែលធ្វើទៅបាន៕

ប្រភព៖ BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា