សន្ដិសុខសង្គម

បញ្ជូនជីតារំលោភសេពសន្ថវៈចៅស្រី បានសម្រេចទៅតុលាការ

កណ្ដាល៖សមត្ថកិច្ចបានចាប់បុរសម្នាក់ជាជីតា តាមបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ករណីរំលោភសេពសន្ថវៈលើចៅស្រីបានសម្រេច ហើយបានបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសចំណាស់ជាជនសង្ស័យឈ្មោះ ប.អ អាយុ៧៤ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល ត្រូវជាជីតា។ចំណែកកុមារីរងគ្រោះអាយុ១១ឆ្នាំ ជាសិស្ស។ករណីនេះបានកើតឡើងនៅស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៧ ខែមករា។

មន្ត្រីដដែលបានបន្តថា មុនរឿងនេះកើតឡើង ក្មេងស្រីរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះ ស្រាប់តែជនសង្ស័យបានចាប់ដៃនាងអូសចូលក្នុងបន្ទប់ដេករបស់ខ្លួនរួចក៏បានធ្វើសកម្មភាព រំលោភសេពន្ថវៈរហូតបានសម្រេច។ក្រោយមកក្មេងស្រីក៏បាននិយាយប្រាប់ម្ដាយនាង រួចក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីឱ្យឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភចៅស្រីពិតប្រាកដមែន។បន្ទាប់ទទួលចម្លើយពីបុរសរូបនោះ នគរបាលស្រុកស្អាងបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ