សន្ដិសុខសង្គម

ឡានដឹកថ្មឆ្លងកាត់ផ្លូវដែក តៃកុងថាខ្លួនមិនខុស ព្រោះអត់ដាក់បារ៉ាស់

បាត់ដំបង៖ក្រោយរថភ្លើងដឹកប្រេងបានបុករថយន្តធំដឹកថ្មបើកឆ្លងកាត់បង្កការខូចខាតធ្ងន់ធ្ងររួចមក តៃកុងឡានបាននិយាយថា៖ «ខ្លួនមិនមានកំហុសទេ ព្រោះអត់ដាក់បារ៉ាស់» ខណៈមានមនុស្សឈរ​លើក​ទង់ជាសញ្ញា។

គ្រោះថ្នាក់ចរាចរដ៏កម្រនោះបានកើតឡើងនៅផ្លូវហាយវ៉េ ត្រង់ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមករា។តៃកុងរថយន្តដឹកថ្មនិយាយថា ខ្លួនមិនមានកំហុសនោះ ដោយលើកហេតុផលមូលហេតុខាងបញ្ជាចរាចរណ៍រថភ្លើងមិនបានដាក់បារ៉ាស់។ ប៉ុន្តែខ្លួនទទួលស្គាល់​ថាបានឮស៊ីផ្លេរថភ្លើងដែរ។

ប៉ុន្តែមតិមហាជនបានលើកឡើងថា “ការឆ្លងផ្លូវរថភ្លើងកន្លែងអត់មានបារាស់ ឬមានបារ៉ាស់ តែគេមិនបិទនោះគឺជាកំហុសរបស់គេ។តែករណីខាងលើនេះគឺមានអ្នកចេញមកផ្អាកចរាចរណ៍​ដោយលើកទង់ជាសញ្ញាខណៈរថយន្តដទៃត្រូវបានឈប់រង់ចាំរថភ្លើងយ៉ាងត្រៀបត្រា។ប៉ុន្តែដោយសារតែអ្នកបើករថយន្តដឹកថ្មបើកលឿន​ខ្វះការប្រុងប្រយ័ត្នត្រង់ផ្លូវរថភ្លើងឆ្លងកាត់ និងមិនមើលអ្នកធ្វើសញ្ញា ទើបបង្កគ្រោះថ្នាក់បែបនេះ។

បញ្ហានេះបើពិនិត្យមើលចំណុចទី៤ នៃមាត្រា២៣ នៃច្បាប់ស្តីពីការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវរថភ្លើង បានចែងថា «នៅកន្លែងថ្នល់កាត់ផ្លូវរថភ្លើងមិនមានរបារ -របាំង ឬផ្លាកសញ្ញា​ ឬភ្លើងសញ្ញាអ្វីទាំងអស់ អ្នកបើកបរឆ្លងកាត់ទីនោះបានលុះត្រាជឿជាក់ថាមិនមានរថភ្លើងណាមួយមកដល់ឡើយ»៕ដោយ៖វិចិត្រ