អន្តរជាតិ

សហរដ្ឋអាម៉េរិកដាក់កំហិតទិដ្ឋាការលើជនជាតិបេឡារុសច្រើននាក់ជុំវិញសិទ្ធិមនុស្ស

សហរដ្ឋអាម៉េរិកប្រកាសដាក់កំហិតទិដ្ឋាការលើជនជាតិបេឡារុសច្រើននាក់នៅសប្តាហ៍នេះ ក្រោមបញ្ហាសិទ្ធិមនុស្ស ចោទថារដ្ឋបាលលោក Alexander Lukashenko បានគាបសង្កត់ក្រុម​បាតុករ​ដោយសន្តិវិធី។

យោងតាមសេចក្តីថ្លែងការណ៍ដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារ ការដាក់កំហិត​ទណ្ឌកម្មទិដ្ឋាការបានធ្វើឡើងលើជនជាតិបេឡារុស២៥នាក់ក្នុងជួររដ្ឋាភិបាល។ ទណ្ឌកម្មនេះនឹងរឹតត្បិត​ពួកគេពីសិទ្ធិសុំទិដ្ឋាការធ្វើដំណើរមកកាន់គ្រប់ទីកន្លែងទាំងអស់នៃសហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបនឹង​ការមិនគោរពសិទ្ធិមនុស្ស សិទ្ធិប្រជាជនបេឡារុស។ ក្រសួងបាននិយាយដោយផ្ទាល់ថា “យើងនឹងមិន​ឈរ​នៅស្ងៀមឡើយ ខណៈដែលរបបនេះនៅតែបន្តយាយី និងគាបសង្កត់ក្រុមបាតុករដោយសន្តិវិធី គណបក្សប្រឆាំងប្រជាធិបតេយ្យ អ្នកកាសែត សហជីព សកម្មជន អ្នកការពារសិទ្ធិមនុស្ស និងប្រជាជន​បេឡារុសប្រចាំថ្ងៃ”។

នាយកដ្ឋាននេះបានលើកឡើងពី “ការកាត់ក្តីដោយចេតនានយោបាយកំបាំងមុខ” លើសកម្មជន Sviatlana និង “សកម្មជនប្រជាធិបតេយ្យផ្សេងទៀតលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” ថាជាភស្តុតាងនៃការកាត់ផ្តាច់សេរីភាព ដែលរដ្ឋបាលលោកប្រធានាធិបតី Lukashenko បានធ្វើសម្រាប់ពលរដ្ឋរបស់ប្រទេសបេឡារុស។ ក្រសួងអាម៉េរិកបានបន្ថែមទៀតថា “យើងនឹងបន្តប្រើឧបករណ៍សមស្របទាំងអស់ដើម្បីរក្សាគណនីអ្នកនៅក្នុងប្រទេសបេឡារុសដែលកំពុងឈរនៅក្នុងផ្លូវនៃសេចក្តីប្រាថ្នាប្រជាធិបតេយ្យរបស់ពួកគេ”៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា