ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ៖នគរបាលការពារបេតិកភណ្ឌ ត្រូវជួយថែរក្សាការពារបេតិកភណ្ឌជាតិ នៅក្នុងរមណីយដ្ឋានអង្គរនិងខេត្តសៀមរាប

សៀមរាប៖ នាយករដ្ឋមន្ត្រីស្ដីទីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានណែនាំឱ្យ អាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌ​ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការជួយថែរក្សាការពារបេតិកភណ្ឌជាតិ នៅក្នុងរមណីយដ្ឋានអង្គរនិងខេត្តសៀមរាប។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ សមត្ថកិច្ច ត្រូវធ្វើកិច្ចការស្រាវជ្រាវនិងអនុវត្ត វិធានការទប់ស្កាត់ឱ្យបានជាដាច់ខាតនូវរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ ប្លន់ ការទិញ លក់ និងការដឹកជញ្ជូនបេតិកភណ្ឌ ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ត។

ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ ឌប្រចាំតំបន់អង្គរ ដែលទើបនឹងសាងសង់រួចរាល់ ដោយផ្លាស់ប្ដូរទីតាំងថ្មី ដែលសាងសង់ដោយក្រុមហ៊ុន ប៊ី ប៊ីរលលាន ប៊ីលឌើរ ក្នុងតម្លៃ៧.១៩៨.០០០.០០០៛ (ប្រាំពីរប៊ីលាន មួយរយកៅសិបប្រាំបីលានរៀល) តាមរយៈថវិកាបានមកពីមូលនិធិអភិរក្សនិងអភិវឌ្ឍន៍តំបន់អង្គរនៃអាជ្ញាធរជាតិអប្សរា ឆ្នាំ២០១៨ ។

សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ទៀតថា៖ អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវពិនិត្យ រៀបចំកំណត់ទីតាំងឈរជើងការពារអាទិភាពជាថ្មី និងការចល័តយាមល្បាតជាអចិន្ត្រៃយ៍ ជាពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរនិងតំបន់ពាក់ព័ន្ធផ្សេងទៀត។ អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវបង្កើនការអប់រំ ពង្រឹងសីលធម៌ វិន័យកងកម្លាំងនិងមនសិការវិជ្ជាជីវៈស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយឱ្យបានដាច់ខាតនូវអំពើអនាធិបតេយ្យនានាក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗ ទៀតតាមរយៈការអនុវត្តនូវវិន័យច្បាស់លាស់​ព្រមទាំងវិធានការច្បាប់នានាប្រកបដោយតម្លាភាព និងយុត្តិធម៌ជាដាច់ខាត។

អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ និង រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាពសន្តិសុខភ្ញៀវជាតិ និងអន្តរជាតិ ដែលមកបំពេញបេសកកម្ម ធ្វើទស្សនកិច្ច ឬធ្វើទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ សៀមរាប និងតំបន់ផ្សេងៗ។

អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំថែរក្សាបរិស្ថានធម្មជាតិដែលជាផ្នែកមួយនៃទេសភាព វប្បធម៌របស់រមណីយដ្ឋានអង្គរ តាមរយៈការដាំដើមឈើឡើងវិញបង្កើនភាពបៃតង បន្តស្តារប្រព័ន្ធធារាសាស្រ្តបុរាណដើម្បីពង្រឹង កិច្ចការអភិរក្សក៏ដូចជាបង្កើតបាននូវផាសុកភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិលំហែ និងកម្សាន្ត។ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តចូលរួមនិងទំនាក់ទំនងជាមួយអង្គការយូណេស្កូ និងអង្គការអន្តរជាតិនានា ដើម្បីទទួលការណែនាំ និងការផ្សព្វផ្សាយគោលការណ៍ផ្សេងៗ សំដៅបម្រើឱ្យការងារការពារបេតិកភណ្ឌវប្បធម៌៕