សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមចាប់ពាណិជ្ជករម្នាក់ ករណីចេញសែកស្អុយ១០ម៉ឺនដុល្លារ

កណ្តាល៖សមត្ថកិច្ចកំពុងតាមចាប់ពាណិជ្ជករម្នាក់ករណីចេញសែកស្អុយ១០ម៉ឺនដុល្លារ ដើម្បីយកមក​អនុវត្តទោសតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា​ តុលាការខេត្ត​កណ្តាល​​កាលពីថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២២ បានចោទប្រកាន់ឈ្មោះ ផៃ ប៊ុនធឿន អាយុ៥៦ឆ្នាំ ជាពាណិជ្ជករ។ប្រពន្ធឈ្មោះចាន់ ម៉ានី កន្លែងកំណើតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្ននៅភូមិព្រែកតាឡុង ក្រុងតាខ្មៅ។

បន្ទាប់ពីចោទប្រកាន់ តុលាការបានដាក់ឱ្យស្ថិតនៅក្រោមការត្រួរពិនិត្យពីបទឆបោក ប្រព្រឹត្តនៅភូមិព្រែកតាឡុង​ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ តាមមាត្រា២៣១ នៃច្បាប់ស្តីពីរឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

តាមពាក្យបណ្តឹងជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនជាប់ឈ្មោះផៃ ប៊ុនធឿន និងប្រពន្ធឈ្មោះចាន់ ម៉ានី បានខ្ចីលុយពីគាត់ចំនួន១០ម៉ឺនដុល្លារ។ក្រោយមកនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានចេញសែកដើម្បីទូទាត់ប្រាក់នៅធនាគារ តែសែកនោះអត់មានសាច់ប្រាក់ទេ។

មន្ត្រីដដែលបានបន្តថា ជនត្រូវចោទឈ្មោះ ផៃ ប៊ុនធឿន មិនបានចូលបង្ហាញខ្លួនតាមដីការបស់ចៅក្រម​ស៊ើបសួរខេត្តកណ្តាលឡើយ ដោយមានចេតនាគេចវេះ មិនដឹងទៅរស់នៅកន្លែងណា។សមត្ថកិច្ចកំពុងស្វែងរកដើម្បីនាំខ្លួនមកកាន់តុលាការ៕ដោយ៖វិចិត្រ