សេដ្ឋកិច្ច

ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី តម្លៃ​៣០០​លាន​ដុល្លារ នឹង​សាងសង់​នៅ​កោះរ៉ុង​

​ភ្នំពេញ​៖​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌី​វេ​ឡប​មេន ខម​ភេ​នី នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង និង​ទទួលស្គាល់​ផែនការមេ (Acceptance of Master Plan)លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​អេកូ​ទេសចរណ៍​កោះរ៉ុងនៅលើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌី​វេ​ឡប​មេន ខម​ភេ​នី និង​មានការ​ចូលរួម​ពី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​ជាច្រើនរូប​ទៀត​។​

​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង និង​ទទួលស្គាល់​ផែនការមេ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​កោះរ៉ុង បានធ្វើ​ឡើង នៅ​សណ្ឋាគារ Cambodiana Hotel រាជធានី​ភ្នំពេញ​។​

​យោងតាម​កិច្ចព្រមព្រៀង គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​កោះរ៉ុង (​លំដាប់ 4C) នៅលើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង​នេះត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិកនឹងត្រូវ​បញ្ចប់​ការសាងសង់ក្នុង​រយៈពេល​៥​ឆ្នាំ​៕

ដោយៈសិរីមតី